ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសួរសុខទុក្ខ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង
តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសួរសុខទុក្ខ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2019 1:02:27 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងជួយដោះស្រាយការលំបាកមួយចំនួន ជូនប្រជាពលរដ្ឋនៅក្នុងស្រុកសង្កែ និងប្រជាពលរដ្ឋ សង្កាត់អូចារ ស្ថិតក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

នៅពេលអញ្ជើញទៅដល់ឃុំអូខ្ជាយ និងឃុំសង្កែ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តម ឈាង វុន បានទៅពិនិត្យមើលប្រឡាយមួយខ្សែនៅក្នុង ឃុំទាំងពីរ ដែលជាអំណោយរបស់ឯកឧត្ដមផ្ទាល់ ផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រកបរបរកសិកម្មអស់រយៈពេលជាងបីឆ្នាំកន្លងមកហើយ ដែលបានផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋនៅទីនេះធ្វើស្រូវបានបីដងក្នុងមួយឆ្នាំ។ ប៉ុន្តែដោយសាររដូវវស្សាឆ្នាំនេះភ្លៀងធ្លាក់តិច ធ្វើអោយប្រឡាយ មានទឹកមិនគ្រប់គ្រាន់ ប្រជាពលរដ្ឋមានការពិបាកក្នុងការបង្កបង្កើនផល ឯកឧត្តមបានអញ្ជើញចុះទៅពិនិត្យផ្ទាល់ ក៏បានធ្វើទំនាក់ទំនងទៅ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឲ្យជួយធ្វើការដោះស្រាយបន្ទាន់។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានចាត់មន្ត្រី ជំនាញក្រោមឱវាទ ចុះមកពិនិត្យជាក់ស្តែង និងធ្វើការដោះស្រាយបញ្ហាទឹកមិនគ្រប់គ្រាន់នេះ ដើម្បីសង្គ្រោះស្រូវជូនប្រជាពលរដ្ឋទាំងពីរឃុំ។

ឯកឧត្ដម ឈាង វុន ក៏បានអញ្ជើញទៅកាន់សង្កាត់អូចារបន្តទៀត ដើម្បីពិនិត្យមើលប្រឡាយធំៗចំនួនបីខ្សែ ដែលកន្លងមក ឯកឧត្តម បានជួយស្តា ប្រឡាយទាំងបីខ្សែនេះ ដែលធ្លាប់តែលិចលុងនៅក្នុងសង្កាត់អូចារ និងធ្វើអោយប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរជាខ្លាំង។ នៅពេលជួប ជាមួយប្រជាពលរដ្ឋនៅទីនេះ ប្រជាពលរដ្ឋក៏បានសំណូមពរសុំឲ្យ ឯកឧត្តម ឈាង វុន ជួយស្តាប្រឡាយ និងចាក់ដីចំនួន៣០ឡានបំពេញក្រលុគ នៅក្នុងសង្កាត់អូចារមួយកន្លែងបន្ថែមទៀត ហើយឯកឧត្ដមក៏បានជួយទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងស្រុកសង្កែ និងសង្កាត់អូចារ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងទាំងមូល បានបង្ហាញនូវក្ដីរីករាយ និងថ្លែង អំណរគុណជូនចំពោះតំណាងរាស្រ្តក្នុងខេត្ត ពិសេសថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែជួយដោះស្រាយរាល់ការលំបាករបស់ប្រជារាស្រ្ត និងនៅរួមសុខរួមទុក្ខជាមួយប្រជារាស្រ្តជានិច្ច។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន