ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាគ្រោងរៀបចំពិធីអបអរខួបលើកទី១៣០នៃទិវាសភាអន្តរជាតិរបស់សហភាពអន្តរសភា
សភាកម្ពុជាគ្រោងរៀបចំពិធីអបអរខួបលើកទី១៣០នៃទិវាសភាអន្តរជាតិរបស់សហភាពអន្តរសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/10/2019 10:02:33 PM )

ក្នុងនាមជាសមាជិកនៃសហភាពអន្តរសភា ដែលហៅកាត់ថាIPU សភាកម្ពុជាគ្រោងនឹងរៀបចំពិធីអបអរខួបលើកទី១៣០ នៃទិវាសភាអន្តរជាតិរបស់ សហភាពអន្តរសភា នៅអំឡុងដើមខែសីហា ឆ្នាំ២០១៩ខាងមុខ។

នៅក្នុងកិច្ចប្រជុំមួយនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានណែនាំឲ្យមន្ត្រី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាគ្រប់ផ្នែកដែលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីអបអរខួបលើកទី១៣០ នៃទិវាសភាអន្តរជាតិ របស់សហភាពអន្តរសភា ឲ្យមានលក្ខណៈសមស្របទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋសភា។

ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ទៀតថា ការរៀបចំពិធីនេះក៏អាចជាវេទិកាមួយ ដែលសភាកម្ពុជាបង្ហាញពីគោលជំហរនយោបាយ របស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិ និងIPU ពិសេសបង្ហាញពីគុណតម្លៃនៃសុខសន្តិភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយភាពសុខសាន្ត និងមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

សូមបញ្ជាក់ថា សហភាពអន្តរសភា មានឈ្មោះជាភាសាអង់គ្លេស Inter-Parliamentary Union ហៅកាត់ថា (IPU) បានបង្កើតឡើងនៅឆ្នាំ១៨៨៩។ រហូតមកដល់ពេលនេះ IPU មានសមាជិកចំនួន១៧៩ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក IPU នៅឆ្នាំ១៩៩៧។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន