ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ ប្រារព្ធព្រះរាជពិធី “រុក្ខទិវា” ដែលដាំដើមឈើជាង១ម៉ឺនដើម នៅក្នុងខេត្តក្រចេះ
សម្តេចប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ ប្រារព្ធព្រះរាជពិធី “រុក្ខទិវា” ដែលដាំដើមឈើជាង១ម៉ឺនដើម នៅក្នុងខេត្តក្រចេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/9/2019 12:56:31 AM )

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធី “រុក្ខទិវា” នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដង្ហែព្រះមហាក្សត្រ និងបានដំាដើមឈើនៅក្នុងឱកាសនេះ មានកូនឈើកម្រ និងប្រណិត ជាង១ម៉ឺនដើម ត្រូវដាំលើផ្ទៃដីសរុប១០ហិកតា ក្នុងឱកាសទិវានេះ។

ព្រះរាជពិធី“រុក្ខទិវា” បានប្រារព្ធរៀបចំធ្វើឡើងតំាងពីសម័យសង្គមរាស្រ្តនិយមឆ្នាំ១៩៥២មកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ តែព្រះរាជពិធីនេះ បានអាក់ខានទៅវិញនៅអំឡុងពេលប្រទេសជាតិធ្លាក់ក្នុង ភ្លើងសង្រ្គាម។ ចាប់ពីឆ្នាំ១៩៨៩មក រាជរដ្ឋាភិបាលបានចាប់ផ្ដើមប្រារព្ធព្រះរាជពិធី “រុក្ខទិវា” ឡើងវិញ ដើម្បីស្តា និងលេីកកម្ពស់ធនធានធម្មជាតិឲ្យបាន គង់វង្ស ក្នុងការធានាបរិស្ថានបៃតងក្នុងប្រទេសក៏ដូចជាសកលលោក។

“រុក្ខទិវា” បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានយាង និងអញ្ជើញចូលរួម ដំាដើមឈើនៅតាមទីផ្សេងៗគ្នា នៅទូទំាងប្រទេស ក្នុងឱកាសរុក្ខទិវានេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន