ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី២រដ្ឋសភា នាំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃតាមវត្តអារាម ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល
អនុប្រធានទី២រដ្ឋសភា នាំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃតាមវត្តអារាម ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/7/2019 6:33:21 PM )

ខណៈដែលពិធីបុណ្យចូលព្រះវស្សានឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ លោកជំទាវកត្តិសិង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បាននាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ តាមវត្តមួយចំនួនស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ តាមគន្លងប្រពៃណីសាសនា ដែលមានតំាងពីយូរមក។

ទៀនព្រះវស្សា និងទេយ្យទាន ដែលលោកជំទាវអនុប្រធានទី២រដ្ឋសភា បានយកទៅប្រគេនព្រះសង្ឃក្នុងវត្តបទុមគង្គា (ហៅវត្តព្រែកដាច់) និងវត្ត បីទៀត ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ដោយក្នុងមួយវត្តៗ មានទៀនព្រះវស្សាមួយគូ បច្ច័យ២លានរៀល និងទេយ្យទានប្រើប្រាស់ មួយចំនួនទៀត។ លោកជំទាវ ក៏បានជូនសាលាបុណ្យស្ថិតនៅភូមិព្រះកន្ធាយ ឃុំព្រែកដាច់ នូវបច្ច័យ១លានរៀល និងបានជូនយាយជីតាជីចំនួន ៣០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល។

ពិធីបុណ្យចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ករបស់ព្រះអង្គ ប្រតិបត្តិនៅក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ រៀងរាល់ឆ្នាំ។

តាមទម្លាប់ នៅមុនពិធីបុណ្យនេះចូលមកដល់ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ។

លោកជំទាវកត្តិសិង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការប្រារព្ធពិធីបុណ្យទាននានាបានដំណើរ ការទៅយ៉ាងអធិកអធម និងសប្បាយរីករាយតាមគន្លងសាសនាប្រពៃណីជាតិ។ ដើម្បីទទួលបានឱកាសធ្វើបុណ្យបែបនេះជារហូតទៅ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព នៅក្នុងប្រទេសអោយបានគង់វង្សជារហូតទៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន