ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភារៀបចំសិក្ខាសាលា​ ដើម្បីពង្រឹងការអនុវត្តច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តនានា លើផលិតផលថ្នាំជក់
រដ្ឋសភារៀបចំសិក្ខាសាលា​ ដើម្បីពង្រឹងការអនុវត្តច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តនានា លើផលិតផលថ្នាំជក់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/11/2019 12:58:52 AM )

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកអង្គសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់” ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា ក្រោមកិច្ចសហការរវាង គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក្រសួងសុខាភិបាល និងអង្គការសហព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺរបេង និងជម្ងឺសួត ប្រចាំនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (ហៅកាត់ថា The UNION)។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានមានប្រសាសន៍ថា សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង លើកកម្ពស់តួនាទីសភាក្នុងការត្រួតពិនិត្យ តាមដានការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ លើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈម និងហានិភ័យនៃផលិតផលថ្នាំជក់ ក្នុងបរិបទកម្ពុជា តំបន់ និងសកលលោក និងពិភាក្សាពិគ្រោះយោបល់ ចែករំលែកនូវគំនិតយោបល់បទពិសោធន៍ ល្អៗដើម្បីជាធាតុចូលបន្ថែមជាបន្ទាន់ ក្នុងការជំរុញការអនុវត្តន៍ច្បាប់-អនុក្រឹត្យ-សេចក្តីប្រកាសនានា ដើម្បីធានាបាននូវប្រសិទ្ធភាពផ្លូវច្បាប់។

លោកជំទាវបន្តថា សិក្ខាសាលានេះក៏នឹងជំរុញការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសចូលរួមសម្របសម្រួល ក្នុងការអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធភាព ព្រមទាំងលើកទឹកចិត្ត សមាជិក-សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល​ ដើម្បីយកទៅផ្សព្វផ្សាយ ពីហានិភ័យ ពីវិធានការណ៍ការពារ និងវិធានការផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិភាគ-មណ្ឌល និងមូលដ្ឋានទទួលខុសត្រូវរៀងៗខ្លូន។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានមានប្រសាសន៍ថា ការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងអ្នកជក់ និងអ្នកមិនជក់ដែលបានស្រូបផ្សែងបារីដោយ អចេតនា ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានថែមទៀត។ ផលិតផលថ្នាំជក់គឺជាកត្តាហានិភ័យចំបង ដែលបណ្តាលឱ្យ កើតជំងឺមហារីកសួត​ និងមហារីកសរីរាង្គផ្សេងៗទៀត ដូចជាជំងឺបេះដូង​ និងសសៃឈាម ជំងឺសួតរ៉ាំរ៉ៃជាដើម។ តាមការស្រាវជ្រាវរបស់អង្គការ សុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់ជាពិសេសការជក់បារី បណ្តាលឱ្យស្លាប់មនុស្សលើពិភពលោកប្រមាណ៨.១លាននាក់ ជារៀងរាល់ឆ្នាំ។ រីឯអ្នកមិនជក់បារីចំនួន៩សែននាក់ បានស្លាប់ក្នុងមួយឆ្នាំ ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ។

ឯកឧត្តមវេជ្ជបណ្ឌិតមានប្រសាសន៍ទៀតថា គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងក្រសួងសុខាភិបាលបាននឹងកំពុងខិតខំបន្ថែមទៀត​ ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យកាន់តែមានកម្រិតទាបជាបន្តបន្ទាប់។ ក្រសួងសុខាភិបាល ក៏មានមោទនភាពដោយបានរួមជាមួយ ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ដោយបានខិតខំជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាព ហើយប្រជាជនយើង គ្រប់ស្រទាប់មានការយល់ដឹងច្រើនអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់នេះ ដែលមានអត្រានៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើងទៅ​ មានការថយចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានមានប្រសាសន៍ថា វត្តមានរបស់ លោកជំទាវ ឯកឧត្តម សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល អ្នកជំនាញការ វាគ្មិន ព្រមទាំង លោក លោកស្រីមកពីបណ្តាស្ថាប័នពាក់ព័ន្ធនានា នៅក្នុងសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់” នាឱកាសនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ក្នុងការឆ្លើយតបចំពោះបញ្ហានៃការប្រើប្រាស់ផលិតផល ថ្នាំជក់នៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍រំលឹកផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា-​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់បំផុត ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ជំរុញការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងបានទៅដល់ប្រជាជនគ្រប់ទីកន្លែង។

ក្នុងនាមរដ្ឋសភា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានចាត់វិធានការក្នុងការអនុវត្តការត្រួតពិនិត្យថ្នាំជក់ និងបានដាក់ចេញជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ប្រកាសស្តីពី វិធានការចំពោះការដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នំាជក់ អនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ប្រកាសស្តីពីស្លាកបម្រាមនៃការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ ព្រមទាំងសកម្មភាពអប់រំផ្សេងៗទៀតដល់ប្រជាជនឱ្យជៀសវាងឱ្យផុតពីការប្រើប្រាស់ថ្នាំជក់ ជាដើម។

ឯកឧត្ដមបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏ធ្វើការកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តការត្រួតពិនិត្យថ្នាំជក់ដែលនៅមាននៅឡើយ ហើយក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ឯកឧត្ដមបណ្ឌិត បានសំណូមពរ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែរួមសហការជំរុញ ដោះស្រាយចំពោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ នៅក្នុងប្រទេសកម្ពុជា​ ជាបន្តទៀត។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន