ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន៣
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/11/2019 12:58:34 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំង៣ ដែលត្រូវលើកយកមកប្រជុំពិនិត្យសិក្សានាពេលនេះ រួមមាន​ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនស្នេថេករីញូវេប៊ល​ ឯ.ក ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអេសភីអេលភី (ខេមបូឌា) ឯ.ក និងទី៣-​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុម- ហ៊ុនស្នេថេក ខូអិលធីឌី។

ឯកឧត្តមបណ្ឌិតរដ្ឋមានប្រសាសន៍ទៀតថា សេចក្តីព្រាងច្បាប់ទាំងបីនេះ បានផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកជួយ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងជាលំដាប់ ដោយហេតុថា បច្ចុប្បន្ននេះថាមពលអគ្គិសនី បានដើរតួ- នាទីកាន់តែសំខាន់​ និងមិនអាចខ្វះបាន។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងពីតម្រូវការប្រើប្រាស់អគ្គិសនី ជាពិសេសរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអត្រាមួយដ៏ខ្ពស់។ ដើម្បីបំពេញអោយបានតាមកំណើនតម្រូវការអគ្គិសនីចំពោះមុខ​ និងទៅពេល អនាគត រាជរដ្ឋាភិបាលបានអនុម័តគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីមួយចំនួនជាលក្ខណៈបន្ទាន់ ហើយដែលក្នុងនោះក៏បានសម្រេចអនុញ្ញាតអោយ ក្រុមហ៊ុនទាំងបីខាងលើ ធ្វើការអភិវឌ្ឍន៍លើវិស័យអគ្គិសនីនេះ និងបានរៀបចំសេចក្ដីព្រាងច្បាប់បញ្ជូនមករដ្ឋសភាដើម្បីស្នើសុំការអនុម័ត។

បន្ទាប់ពីប្រជុំពិនិត្យពិភាក្សារួចមក គណៈកម្មការបានឯកភាពគ្នាដោយរក្សាទុកនូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងបី ទៅតាមទម្រង់ដើមទាំងស្រុង ដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនប៉ុណ្ណោះ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន