ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត នាពេលខាងមុខ
សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត នាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/10/2019 12:44:53 AM )

បន្ទាប់ពីបានទទួលនូវសំណើ និងអនុសាសន៍ជាច្រើន ពីអង្គសិក្ខាសាលាស្វែងយល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយអន្តរគណៈកម្មការជំនាញ រដ្ឋសភា បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី ដើម្បីពិនិត្យពិចារណានូវសំណើទាំងនោះបន្ថែមទៀត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្រោយពីបានពិភាក្សាគ្នាបន្ថែមរវាងអន្តរគណៈកម្មការនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល នាពេលនេះ គណៈកម្មការនៃរដ្ឋសភាបានឯកភាពគ្នា បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមាន៩ជំពូក និង៧២មាត្រានេះ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។

ឯកឧត្តម ស៊ុយ សែម ក៏បានមានប្រសាសន៍ឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត តាក់តែងឡើងដើម្បី ឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជា និងជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។ ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនKrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីឆ្នាំ២០១៧ សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុកA នៃដែនសមុទ្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍បន្ថែមថា ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុង បូរណភាពទឹកដី និងអធិបតេយ្យនៃកម្ពុជា រួមទាំងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត។

ឯកឧត្តមគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របតាមបទដ្ឋាន និងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ ព្រមទាំងបានការពារ ដល់បរិស្ថាន និងធនធានធម្មជាតិដោយនិរន្តរភាព។ ការតាក់តែងសេចក្តីព្រាងច្បាប់នេះ ក៏មានការជួយគំាទ្រផ្នែកបច្ចេកទេសពីអ្នកជំនាញការច្បាប់ ជាតិ និងអន្តរជាតិផងដែរ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានមានប្រសាសន៍ថា ការប្រជុំសិក្សាផ្ទៃក្នុងគណៈកម្មការ ការរៀបចំសិក្ខាសាលា ក៏ដូចជាការប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ជាបន្តបន្ទាប់លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គឺដើម្បីធ្វើឱ្យ ប្រាកដថា សេចក្តីព្រាងច្បាប់នេះ ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិបរមាដល់សង្គម និងប្រជាពលរដ្ឋ។

លោកជំទាវប្រធានគណៈកម្មការបានបន្តថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិ- បាលអាណត្តិទី៦នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍធនធានរ៉ែប្រេងកាត ដើម្បីប្រែក្លាយធនធាននេះ ឱ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន និងជួយជំរុញ ការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែលឿនឡើង សំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន