ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនភ្លើងចំពោះសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនភ្លើងចំពោះសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2019 11:23:05 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ អមដំណើរដោយ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញទៅជូនភ្លើង ក្នុងពិធីបូជាសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៅឈាបនដ្ឋានស្ថិតក្នុងបរិវេណវត្តទួលអង្គលោក នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ពេជ្រ ជីវ័ន បានអាននូវវិយោគកថា ដោយបានលើកឡើងពីគុណបំណាច់របស់សព ឯកឧត្តម ពៅ សាមី និងថា មរណភាពរបស់ ឯកឧត្តម ពៅ សាមី គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមម្នាក់ ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមក។ ទោះបីពេលនេះ ឯកឧត្ដមបានលាចាកលោកនេះក៏ពិតមែន តែស្នាដៃ និងគុណបំណាច់របស់ឯកឧត្ដម គឺត្រូវបានចារឹកទុក និងស្ថិតនៅក្នុង ការចងចាំរបស់កូនខ្មែរតរៀងទៅ។

ក្រោយពីពិធីដាក់ផ្កាគោរពវិញ្ញាណក្ខន្ធនាគ្រាបច្ឆាមរណៈ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអ្នកចូលរួមបានក្រោកឈរស្មឹងស្មាត និងដាក់ផ្កាប៊ូង៉ានចំពោះ សពជូនទៅម្ចាស់មេរុ បន្ទាប់មក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានជូនភ្លើងចំពោះសព ឯកឧត្តម ពៅ សាមី ប្រកបដោយ ភាពក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ព្រមជាមួយនឹងការស្ដាយស្រណោះជាពន់ពេក។

សូមជម្រាបថា ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន