ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរខេត្តកំពតខិតខំពង្រឹងសាមគ្គីភាព ដើម្បីធ្វើការអភិវឌ្ឍខេត្តឲ្យមានភាពរីកចំរើនថែមទៀត
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរខេត្តកំពតខិតខំពង្រឹងសាមគ្គីភាព ដើម្បីធ្វើការអភិវឌ្ឍខេត្តឲ្យមានភាពរីកចំរើនថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2019 10:18:02 PM )

ក្រោយពីបានបញ្ចប់បេសកកម្មនៅខេត្តកែបរួចមក គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានបន្តដំណើរទៅកាន់ខេត្តកំពត ដោយនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធផ្សេងៗ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការ កត់សម្គាល់ចំពោះភាពរីកចម្រើនរបស់ខេត្តកំពត និងបានជំរុញឲ្យអាជ្ញាធរខេត្តនេះ ខិតខំពង្រឹងសាមគ្គីភាព ដើម្បីធ្វើការអភិវឌ្ឍខេត្តជាប់មាត់សមុទ្រ មួយនេះឲ្យមានភាពរីកចម្រើនថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា ក៏បានមានប្រសាសន៍ជម្រាបជូន ពីការចុះបំពេញបេសកកម្មតាមបណ្តា រាជធានី-ខេត្ត របស់ គណៈកម្មការនៃរដ្ឋសភាថា គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលជាច្រើនរបស់គណៈកម្មការ ដោយអនុលោមតាមបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ចរបស់គណៈកម្មការនៃរដ្ឋសភា ដើម្បីស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍ និងសមិទ្ធផលដែលអាជ្ញាធរ ក៏ដូចជា អង្គភាពនៃស្ថាប័ននីតិប្រតិបត្តិសម្រេចបាន និងពិនិត្យ តាមដាននូវការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបញ្ហាប្រឈមនានា ទាក់ទងនឹងវិស័យដែលគណៈកម្មការទទួលបន្ទុក។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខិតខំពង្រឹងពង្រីក ថែទាំ និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត  ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ក្រៅពីតំបន់ រមណីយដ្ឋានដែលមានស្រាប់ នៅក្នុងឆ្នាំ២០១៩នេះដែរ ខេត្តកំពតបានរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ព្រមទាំងពិធីបុណ្យជាតិធំៗមួយចំនួន ទៀត ដែលបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួម និងកំសាន្តនៅក្នុងខេត្តកំពតកាន់តែច្រើនឡើង។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយឈរលើស្មារតីនៃសាមគ្គីភាពរួមគ្នាឆ្ពោះទៅរកការសម្រេចគោលដៅ ដើម្បីភាពរីកចម្រើននៃខេត្តកំពត អាជ្ញាធរ ខេត្ត ក៏ដូចជាមន្ទីរជំនាញ បានខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់ រហ័ស និងកាន់តែមានប្រសិទ្ធិភាពថែមទៀត។

អាជ្ញាធរខេត្ត ក៏បានជម្រាបជូនពីសកម្មភាពការងារទាក់ទងនឹងវិស័យធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងវិស័យអប់រំនៅក្នុងខេត្តកំពត ដោយឯកឧត្ដមអភិបាលខេត្តបានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់លើវិស័យអប់រំរបស់ខេត្តនេះថា មកដល់ពេលបច្ចុប្បន្ន ខេត្តមានគ្រឹះស្ថាន សិក្សាសាធារណៈចំនួន៤១៦ទីតាំង ក្នុងនោះកម្រិតមតេយ្យសិក្សាមាន១៩៧កន្លែង កម្រិតបឋមសិក្សាមាន៣១១សាលា កម្រិតអនុវិទ្យាល័យ ៧៧សាលា កម្រិតវិទ្យាល័យ២៣សាលា និងមានសាលាគរុកោសល្យ និងវិក្រិត្យការចំនួន០១កន្លែង។ ចំណែកឯលទ្ធផលប្រលងមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨កន្លងមក មានសិស្សចូលរួមប្រឡងចំនួន៥.៤៦៤នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់ មានចំនួន ៤.៣៣៤នាក់ មានស្រី២.២៦៩នាក់ ហើយសិស្សប្រឡងជាប់និទ្ទេសA មានចំនួន១៧នាក់ ស្រី០៩នាក់។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានជម្រាបជូននូវ បញ្ហាប្រឈមដែលខេត្តជួបប្រទះកន្លងមក និងស្នើសុំឲ្យគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមអភិបាល និងគណៈគ្រប់គ្រងខេត្តទាំងអស់ ដែលបានកៀរគរ ធនធាន ដៃគូសហការ អ្នកវិនិយោគឯកជន អង្គការមូលនិធិក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាសប្បុរសជននានាដើម្បីមករួមគ្នាជំរុញការអភិវឌ្ឍក្នុងខេត្ត កំពតទាំងមូល។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ទៀតថា « ស្មារតីនៃសាមគ្គីភាពរួមគ្នាឆ្ពោះទៅរកការសម្រេចគោលដៅ ដើម្បីភាពរីកចម្រើននៃខេត្តកំពត ដែលឯកឧត្តមអភិបាលបានលើកឡើង គឺជាស្មារតីដ៏សំខាន់មួយដែលបង្ហាញពីការចេះជួយខ្លួនឯង ខិតខំអភិវឌ្ឍន៍ខេត្តរបស់ខ្លួន ដោយមិនរង់ចាំតែ ការជួយពីថ្នាក់លើ។»

ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធរួចមក គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទៅជួបសាកសួរសុខទុក្ខបងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងសហគមន៍នេសាទសង្កែផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន