ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបង្កើតគណៈកម្មការរៀបចំបុណ្យសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឱ្យសក្តិសមនឹងកិត្តិយស និងទៅតាមប្រពៃណី
រដ្ឋសភាបង្កើតគណៈកម្មការរៀបចំបុណ្យសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឱ្យសក្តិសមនឹងកិត្តិយស និងទៅតាមប្រពៃណី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2019 7:58:03 AM )

រដ្ឋសភាបានបង្កើតគណៈកម្មការរៀបចំបុណ្យសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលទទួលមរណភាព ដើម្បីរៀបចំពិធី បុណ្យឲ្យបានសក្តិសមនឹងកិត្តិយស និងទៅតាមប្រពៃណី ទំនៀបទម្លាប់របស់ជាតិ។ គណៈកម្មការរៀបចំបុណ្យសព មាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាប្រធាន

គណៈកម្មការបុណ្យសព ដែលមានសមាសភាពជាសមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្ថាប័នអង្គភាពពាក់ព័ន្ធ បានជួបប្រជុំគ្នា​នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីចាត់ចែងរៀបចំពិធីបុណ្យសពទៅតាមប្រពៃណី និងសាសនា ឱ្យសក្តិសមនឹងកិត្តិយស របស់សព។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា តំណាងរាស្រ្តនៅក្នុងតំណែង ពេលទទួលអនិច្ចកម្ម រដ្ឋសភាត្រូវរៀបចំពិធីផ្លូវការផ្សេងៗ ឱ្យបានសមរម្យ តាមទំនៀមទម្លាប់ ប្រពៃណី សក្តិសមនឹងកិត្តិយសរបស់សព ដែលបានពលីកម្មបម្រើប្រទេសជាតិ។

ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានទទួលមរណភាពដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ។ សពតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ផ្ទះលេខ៩៤ ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមគម្រោង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នឹងបំពាក់គ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈ ជូនសព នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នឹងដឹកនាំគណៈប្រតិភូរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋាន រដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធផងដែរ។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៧:១៨នាទីព្រឹក សពនឹងត្រូវរំកិលពីគេហដ្ឋាន ដង្ហែឆ្ពោះទៅ កាន់ឈាបនដ្ឋានវត្តទួលអង្គលោក សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន