ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបាំត្រុដិ សម្រាប់អបអរសាទរឆ្នាំថ្មី
រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបាំត្រុដិ សម្រាប់អបអរសាទរឆ្នាំថ្មី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/10/2019 9:50:41 PM )

ខណៈដែលថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នឹងឈានចូលមកដល់ឆាប់ៗនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ បង្សុកូល តាមគន្លងព្រះពុទ្ធសាសនា ដើម្បីអបអរសាទរឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងរយៈពេល៣ថ្ងៃទៀតនេះ។

ពិធីនេះដឹកនាំរៀបចំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ។

បន្ទាប់ពីមានការសម្តែងរបាំត្រុដិ ដើម្បីដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ នាំសិរីសួស្តីឆ្នាំថ្មីចូលកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទំាង ប្រទេសរួចមក ក៏មានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា សុំសេចក្តីសុខសេចក្តីចម្រើន និងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣នេះ។

នៅក្នុងឱកាសដ៏សប្បាយរីករាយជាមួយសទ្ធាជ្រះថ្លាជាទីបំផុតនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសម្តែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានខិតខំបំពេញការងារបម្រើស្ថាប័នក្នុងរយៈពេលកន្លងមក។ ឯកឧត្តមក៏បានបួងសួង សូមឲ្យទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សាទេវី តាមជួយថែរក្សាបីបាច់មន្រ្តីរាជការទំាងអស់ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា នៅវេលារសៀលថ្ងៃដដែលនេះដែរ រដ្ឋសភាក៏នឹងមានរៀបចំពិធីសែនព្រេន បង្សុកូល ឧទ្ទិសកុសល ជូនចំពោះដួងវិញាណក្ខន្ធ តំណាងរាស្ត្រ ដែលធ្លាប់បានបំពេញការងារជាសមាជិករដ្ឋសភា ចាប់តាំងពីការកកើតរដ្ឋសភាដំបូងរហូតមកដល់បច្ចុប្បន្ន និងដែលបានចែកឋានទៅ ទាំងអស់ ដើម្បីសូមឲ្យដួងវិញាណក្ខន្ធបុព្វតំណាងរាស្ត្រទាំងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន