ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មការរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការប្រមូលចំណូលថវិកាជាតិរបស់ខេត្តព្រះសីហនុ
គណៈកម្មការរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការប្រមូលចំណូលថវិកាជាតិរបស់ខេត្តព្រះសីហនុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:11:39 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ អមដំណើរដោយ​ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សួន សុធី អគ្គសវនករង នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចុះសិក្សាឈ្វេងយល់ពីភាពរីកចម្រើននិងបញ្ហាប្រឈមនៃការប្រមូលចំណូល និងចំណាយថវិកាជាតិរបស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងជំនួបនៅខេត្តសាលាព្រះសីហនុ គណៈប្រតិភូរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ហៀក ហ៊ីមុលី អភិបាលស្តីទីខេត្តព្រះសីហនុ និងឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត។

លោកជំទាវ ហៀក ហ៊ីមុលី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីស្ថានភាពទូទៅនៅក្នុងខេត្តដោយបានបញ្ជាក់ថា ខេត្តព្រះសីហនុ​ មានផ្ទៃដី ២ភាគ៣ជាដីព្រៃភ្នំនិងខ្ពង់រាប ដែលមានផ្ទៃដីសរុប២,៦៥៨.៩០គីឡូម៉ែត្រក្រឡា។ មានឆ្នេរសមុទ្រប្រវែង១៧៥.៨១គីឡូម៉ែត្រ។ កោះតូចធំមានចំនួនសរុប ៣២កោះ។ រដ្ឋបាលខេត្តចែកចេញជាបីស្រុក និងមានក្រុងមួយ មានឃុំចំនួន២៣ សង្កាត់ចំនួន០៦ និងភូមិសរុបចំនួន១១១ភូមិ។ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន ៤៦​,៤៨៧គ្រួសារ ស្មើនឹង២១៤​,៦៣០នាក់ ក្នុងនោះស្ត្រី១០៨​,០២១នាក់។ ប្រជាពលរដ្ឋក្នុងខេត្តមានការប្រកបរបរកសិកម្ម សេវាកម្ម សិប្បកម្ម និងនេសាទ។

លោកជំទាវអភិបាលស្តីទី​មានប្រសាសន៍បន្តទៀតថា ជារួមការប្រមូលពន្ធរបស់ខេត្តព្រះសីហនុ មានការកើនឡើង។ ដោយឡែក សាខាគយ ប្រមូលពន្ធបានច្រើន ដូចជាពន្ធលើរថយន្ត ម៉ូតូ គ្រឿងសំណង់ និងគ្រឿងឧបភោគបរិភោគជាដើម។ ម្យ៉ាងវិញទៀតខេត្តព្រះសីហនុ ក៏កំពុងតែមាន ការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរណ៍មាន ២,០៤៧,៧៧៤នាក់ គឺកើន២,៦៣% ធៀបទៅនឹង ឆ្នាំ២០១៧។ សេវាកម្មទេសចរណ៍មាន៩០៥ទីតាំង មានកាស៊ីណូ៣៨កន្លែង មានសណ្ឋាគាចំនួន៨៤ ផ្ទះសំណាក់មាន២៨៩កន្លែង ភោជនីយដ្ឋាន ៣២១កន្លែង និងក្លិបកំសាន្ត៨កន្លែង។

លោកជំទាវ ហៀក ហ៊ីមុលី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនជម្រាបគណៈប្រតិភូរដ្ឋសភាបានជ្រាបនិងជួយធ្វើអន្តរាគមន៍ រកមធ្យោបាយដើម្បី ដោះស្រាយ ពិសេសគឺការខ្វះមន្ត្រីជំនាញក្នុងការបម្រើការងារ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលខេត្តទទួលបានក្នុងរយៈពេលកន្លងមក។ សមិទ្ធិផលទាំងនេះបានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ដឹកនាំខេត្តព្រះស៊ីហនុ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ដែលជាប្រតិបត្តិករផ្ទាល់នៅទីនេះ។

ចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើងឯកឧត្តមបណ្ឌិតរដ្ឋ បានសន្យាថានិងពាំនាំមកជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ តាមនីតិវិធីរបស់រដ្ឋសភា។ បន្ទាប់មកឯកឧត្តមបណ្ឌិតរដ្ឋ និងគណៈប្រតិភូក៏បានអញ្ជើញទៅពិនិត្យកន្លែងមួយចំនួន ដែលជាកន្លែងប្រមូលពន្ធរបស់ខេត្ត ព្រះសីហនុផងដែរ។