ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » ឯកឧត្ដម ជា វ៉ាន់ដេត ប្រជុំក្រុមការងាររៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចវិស័យនយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំ APPF លើកទី២៧
ឯកឧត្ដម ជា វ៉ាន់ដេត ប្រជុំក្រុមការងាររៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចវិស័យនយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំ APPF លើកទី២៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:39:29 PM )

ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដដ្ឋសភា និងជាអ្នកដឹកនាំ សម្របសម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចវិស័យនយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំAPPF លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុម ការងាររៀបចំខ្លឹមសារវិស័យនយោបាយ និងសន្តិសុខ ដើម្បីពិនិត្យមើលពីការរៀបចំ ឯកសារទស្សនាទាន និងការធ្វើសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់វិស័យនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ជម្រាបអង្គប្រជុំថា ការរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់វិស័យ នយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំAPPF លើកទី២៧  គឺជាការងារធំ និងមានលក្ខណៈអន្តរជាតិ ដែលទាមទារឲ្យសមាជិកក្រុមការងារទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់។

នៅក្នុងឱកាសនោះ ក្រុមការងារស្រាវជ្រាវឯកសារលើវិស័យនយោបាយ និងសន្តិសុខ បានធ្វើសេចក្ដីរាយការណ៍ពីដំណើរការនៃការរៀបចំឯកសារ ទស្សនាទាន និងការធ្វើសេចក្ដីព្រាងសេចក្ដីសម្រេចលើប្រធានបទទាំងបីវិស័យនេះម្ដងមួយៗ ដោយក្រុមការងារបានធ្វើការស្រាវជ្រាវវិភាគទិន្នន័យ ទៅលើឯកសារផ្សេងៗជាច្រើន។

ក្រោយពីកិច្ចពិភាក្សា ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សេចក្ដីព្រាងសេចក្ដីសម្រេចលើប្រធានបទទី១ និងប្រធានបទទី៣ ក្រុមការងារ មានការឯកភាពគ្នាទាំងស្រុង។ ចំណែកសេចក្ដីព្រាងសេចក្ដីសម្រេចលើប្រធានបទទី២ ក្រុមការងារមានការស្នើបន្ថែម២ចំណុច ដើម្បីឲ្យកាន់តែល្អ ថែមទៀត។ ជារួមឯកឧត្ដមសូមឯកភាពទាំងស្រុង។

ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានណែនាំឲ្យក្រុមការងារធ្វើការបកប្រែឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចទាំងអស់ ទៅជាភាសាជាតិ ឲ្យបានឆាប់ ដើម្បីដាក់ជូនកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានក្រុមការងារទទួលបន្ទុកវិស័យនយោបាយ និងសន្តិសុខនៃកិច្ចប្រជុំប្រចាំAPPF លើកទី២៧  នៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

សូមជម្រាបថា ប្រធានបទទាំងបីរបស់វិស័យនយោបាយ និងសន្តិសុខ ដែលបានជ្រើសរើសកន្លងមកគឺៈ

១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់

២-ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន

៣-ពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវនូវព័ត៌មានវិទ្យាដើម្បីវឌ្ឍនភាពសង្គម ។

រហូតមកដល់ពេលនេះ ក្រុមការងារបានរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់ប្រធានបទទាំងបីនៃវិស័យនេះ បានរួច រាល់អស់ហើយ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន