សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨__ ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នាទើបដំណើរការការងារប្រព្រឹត្តទៅរលូននឹងទទួលបានជោគជ័យ__ រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត__ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជម្រាបជូនរដ្ឋសភាអំពីសមិទ្ធិផលនានារបស់ក្រសួងសម្រេចបានក្នុងអាណត្តិទី៥__ ប្រធានគណៈកម្មការទូរគមនាគមន៍រដ្ឋសភា ជម្រាបរដ្ឋមន្រ្តីពីការយកចិត្តទុកដាក់បញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍__ ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន__ សេចក្តីជូនដំណឹង ស្តីពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់សភាប្រជាជនចិន ជួបសម្តេចប្រធានរដ្ឋសភា
គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់សភាប្រជាជនចិន ជួបសម្តេចប្រធានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/7/2018 9:00:51 PM )

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាង​ពីរ គណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន បានបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ពិសេសក្នុងការងារច្បាប់។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម  លី ហ្វី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងធ្វើ សវនាការជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន ថា​បានរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លា ថែមទៀត ជាពិសេ​សរវាងសភាប្រទេសទំាងពីរ ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីការងារនីតិកម្ម ការ​កសាងច្បាប់។ សម្តេចបានសង្កត់ ធ្ងន់ថា “កិច្ចសហប្រតិ​បត្តិការក្នុងភាពជាដៃគូរ​យុទ្ធសាស្រ្ត​​គ្រប់ជ្រុង​ជ្រោយ” កំពុងទទួលបានផ្លែផ្កា​លើគ្រប់​វិស័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងភាគីគណៈប្រតិភូបានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-ចិន បានឈានដល់ ខួប៦០ឆ្នាំនៅឆ្នាំនេះ ហើយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត បន្ទាប់។

ក្នុងនាមរដ្ឋសភា​ សម្តេច​ ហេង សំរិន បានវាយតំលៃខ្ពស់ និងគំាទ្រពេញទំហឹង ចំពោះគំនិតផ្តួច​ផ្តើមរបស់​ប្រទេសចិន ស្តីពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ សម្តេចមានប្រសាសន៍ថា គម្រោងសេដ្ឋកិច្ចសកលនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយទាក់ទាញ វិនិយោគិន និងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរ​ណ៍មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្ម​ទ្វេភាគី ពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ​ប្រទេសចិនក្លាយជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១នៅ កម្ពុជា។ ចំណែកកម្ពុជាវិញ កាលពីថ្មីៗនេះ​ ធនាគារជាតិនៃកម្ពុជា បានប្រ​កាសដាក់ឲ្យប្រើប្រាស់ប្រាក់យន់ចិនក្នុងប្រព័ន្ធធនាគារកម្ពុជា។ នេះជា យន្តការដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ឲ្យ​កាន់​តែមានប្រសិទ្ធភាព។

ឯកឧត្តម  លី ហ្វី បានជម្រាបសម្តេច​ថា គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិនទើបបង្កើតឡើងកាលពីខែមីនា​ឆ្នាំ២០១៨ នេះ។ កម្ពុជាជាប្រទេសទី១ ដែលគណៈ​កម្មាធិការជ្រើសរើសមកបំពេញទស្សនកិច្ចក្នុងការសិក្សា ស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកិច្ចការច្បាប់ ដែលនេះជាផ្នែកសំខាន់មួយក្នុងការជំរុញអ្នកវិនិយោគទុនចិនស្វែងយល់ពីច្បាប់របស់កម្ពុជា ហើយពួកគេនឹងមកបណ្តាក់ទុនកាន់តែ ច្រើននៅកម្ពុជា។

ទាក់ទងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភាបានស្នើដល់គណៈប្រតិភូពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម​ និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ក្នុងការធ្វើកិច្ច​សហ​​ប្រតិបត្តិការស៊ីជម្រៅរវាងគណៈកម្មការជំនាញ​ស​ភា​​ទំាងពីរ ដើម្បី ផលប្រយោជន៍ទំាងអស់គ្នា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន