ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភានីតិកាលទី៦ បានសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងចប់សព្វគ្រប់
សមាជិករដ្ឋសភានីតិកាលទី៦ បានសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងចប់សព្វគ្រប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2018 9:21:28 PM )

សមាជិកសមាជិការដ្ឋសភាចំនួន១២៥រូប បានចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង មុខព្រះភ័ក្រ្ត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ​សី​ហមុនី ព្រះម​ហាក្សត្រនៃព្រះ​រាជា​ណាចក្រកម្ពុជា ចប់សព្វគ្រប់ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ពិធីសច្ចាប្រណិធាន បានប្រារព្ធធ្វើឡើងតាមទម្លាប់ មុននឹងសមាជិករដ្ឋសភាចូលកាន់តួនាទីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ ពិធីសច្ចាប្រណិធាន នេះ បានប្រារព្ធធ្វើឡើងបន្ទាប់ពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ​សី​ហមុនី បានយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​បើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ និងក្រោយពីសុពលភាពនៃអាណត្តិសមាជិក​នីមួយៗ ត្រូវបាន ប្រកាសជាផ្លូវការនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដែលដឹកនាំដោយ សម្ដេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា និងជាប្រធានបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ដដែលនេះ។

សូមរម្លឹកថា រដ្ឋសភានីតិកាលទី៦ បានកើតចេញពីការបោះឆ្នោតជាសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ មានគណបក្ស នយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។ ប្រជាពលរដ្ឋបានបង្ហាញឆន្ទះរបស់ខ្លួន គំាទ្រលើការដឹកនាំបន្តទៀតរបស់ គណបក្សប្រជាជនកម្ពុជា ដោយបានផ្តល់ការទុកចិត្តយ៉ាងលើសលុប ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២៥នៅក្នុងរដ្ឋសភា។

 

អត្ថបទ​ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន