ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មហាសន្និបាតអគ្គលេខាធិការដ្ឋានរដ្ឋសភា៖ អង្គភាពក្រោមឱវាទលើកឡើងពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅ
មហាសន្និបាតអគ្គលេខាធិការដ្ឋានរដ្ឋសភា៖ អង្គភាពក្រោមឱវាទលើកឡើងពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/10/2018 10:08:46 PM )

បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញប្រកាសបើកមហាសន្និបាតបូកសរុបលទ្ធផលការងារ២០១៣-២០១៧ និងការកំណត់ទិសដៅការងារឆ្នាំបន្តរបស់អគ្គលេខា- ធិការដ្ឋានរដ្ឋសភារួចមក មហាសន្និបាតបានចូលដល់កម្មវិធីដែលអង្គភាពនានាក្រោមឱវាទអគ្គលេខាធិការដ្ឋានរដ្ឋសភា លើកឡើងពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត។

ក្នុងនោះ មហាសន្និបាតបានស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកដ្ឋានសន្តិសុខ ដែលអានដោយ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។ របាយការណ៍របស់អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ដែលអានដោយ ឯកឧត្តម កៃ កេតនិន អគ្គនាយក នីតិកម្ម និងស្រាវជ្រាវ។ របាយការណ៍របស់អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដែលអានដោយ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយក ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន

ជាបន្តមកទៀត មហាសន្និបាតបានស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ដែលអានដោយ ឯកឧត្តម សរ គឹមស្រ៊ុន អគ្គនាយក ICT។ របាយការណ៍របស់អគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលអានដោយ ឯកឧត្តម ចាន់ ស៊ីណូ អគ្គាធិការ​និងស្តាប់របាយការណ៍របស់ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

សូមជម្រាបថា ពេញមួយថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា បានរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅការងារឆ្នាំបន្ត។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ការរៀបចំមហាសន្និបាតនាពេលនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យ វាយតម្លៃពី វឌ្ឍនភាពការងារ សមិទ្ធផលដែលសម្រេចបាន និងសិក្សាពីបញ្ហាប្រឈមនានាក្នុងអាណត្តិកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងលើក ទិសដៅសម្រាប់អាណត្តិបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ យើងក៏នឹងពិនិត្យជាក់លាក់ និងស៊ីជម្រៅលើសេវារដ្ឋបាល និងបច្ចេកទេសដែលដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់តួនាទីស្នូលទាំង៣របស់រដ្ឋសភាជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ កំណត់ទិសដៅ និងចក្ខុវិស័យសំដៅឆ្លើយតបទៅនឹងដំណើរវិវត្តន៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងស្រុក តំបន់ និងពិភពលោក។

ឯកឧត្តមបន្តថា តាមរយៈមហាសន្និបាតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាក៏នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឲ្យគ្រប់អង្គភាព បន្តអនុវត្ត សំដៅធានាបាននូវការផ្ដល់សេវាជូនរដ្ឋសភាកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន