សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់__ សេចក្តីជូនដំណឹង ស្តីពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំមហាសន្និបាតដើម្បីបង្កើនប្រសិទ្ធិភាពសេវារដ្ឋបាលជូនរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំមហាសន្និបាតដើម្បីបង្កើនប្រសិទ្ធិភាពសេវារដ្ឋបាលជូនរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/10/2018 6:57:16 PM )

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងបម្រើរដ្ឋសភារបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលកន្លងមក។

នៅពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ ទិសដៅការងារសម្រាប់នីតិកាលទី៦របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល តាងនាម សមាជិកសមាជិការដ្ឋសភាទាំងមូលបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃសំខាន់នានា ដែលអគ្គលេខាធិការដ្ឋានសម្រេច បាននាពេលកន្លងមក ជាពិសេសក្នុងនីតិកាលទី៥ ទោះបីជាក្នុងកាលៈទេសៈ និងស្ថានភាពនយោបាយមានសភាពស្មុគស្មាញ និងលំបាកយ៉ាងណា ក៏ដោយ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅការងារសម្រាប់ នីតិកាលទី៦ ពេញមួយថ្ងៃ ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម ផលលំបាក ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅទៅថ្ងៃអនាគត ក្នុងការផ្តល់សេវារដ្ឋបាលដល់រដ្ឋសភាឲ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានតួនាទីរ៉ាប់រងនៅគ្រប់ភារកិច្ចរដ្ឋបាល និងសេវានានាជូនរដ្ឋសភា ដូចជារៀបចំកំណត់ហេតុរបស់រដ្ឋសភាជាដើម។ នៅក្នុងសុន្ទរកថាបើកមហាសន្និបាត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងពីសេវាកម្មសំខាន់ៗ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តល់ជូនរដ្ឋសភា និងដែលបានធ្វើឲ្យរដ្ឋសភា បានបំពេញតួនាទីយ៉ាងពេញលេញក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ សេវាកម្មទាំងបីនោះមាន ការងារនីតិកម្ម មុខងារតំណាង និងការតាមដានការអនុវត្តច្បាប់ មុខងារការទូតសភា និងកិច្ចការ អន្តរជាតិ។

ឯកឧត្តមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សេវាកម្មផ្នែកនីតិវិធី និងស្រាវជ្រាវច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ជាយន្តការគាំទ្រ បានដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈជូនដល់រដ្ឋសភា។ ជាក់ស្តែង ការធ្វើវិសោធន- កម្មរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាដើម ត្រូវបានយកមកពិនិត្យ ពិភាក្សា និងបានអនុម័តដោយ រដ្ឋសភា ដោយយកចិត្តទុកដាក់ខ្ពស់ តាំងពីនៅក្នុងដំណាក់កាលគណៈកម្មការជំនាញ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងជំនាញរបស់ អគ្គលេខាធិការដ្ឋានដែលមានបទពិសោធន៍ វិជ្ជាជីវៈគ្រប់គ្រាន់ និងអាចទុកចិត្ត។

តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនីតិកាលទី៥នេះ រដ្ឋសភាកាន់តែមាន កិត្យានុភាព និងការសារទរពីសំណាក់ស្ថាប័នអន្តរសភាក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមកិច្ចប្រជុំ និងមហា សន្និបាតនានារបស់អង្គការ អន្តរសភា ក៏ដូចជាការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាសំខាន់ៗមួយចំនួន ក្នុងនោះមាន អន្តរសភាអាស៊ាន (អាយប៉ា) សភាតំបន់អាស៊ី (អេភីអេ) និងសភានិយាយភាសាបារាំងជាដើម។ ហើយនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ រដ្ឋសភាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។

“ខ្ញុំសូមធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់នោះគឺការអនុវត្តកំណែទម្រង់នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ អគ្គលេខាធិការដ្ឋានបានរៀបចំ និងអនុវត្តបានយ៉ាងល្អ និងត្រឹមត្រូវតាមនីតិវិធី ទោះបីជាស្ថាប័នរដ្ឋសភាត្រូវអនុវត្តតាមច្បាប់ដោយឡែកក៏ដោយ។ ជាក់ស្តែងការអនុវត្តកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈដែលជាកំណែទម្រង់មួយសាំញាំ និងមានលក្ខណៈបច្ចេកទេសខ្ពស់ ក៏អគ្គលេខាធិការដ្ឋានរដ្ឋសភាបានអនុវត្តជាជំហានៗ និង ទទួលបានលទ្ធផលជាបណ្តើរៗគួរជាទីមោទនៈ” នេះជាការលើកឡើងរបស់ឯកឧត្តមអនុប្រធានទី២រដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ការរៀបចំមហាសន្និបាតនាពេលនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យ វាយតម្លៃ ពីវឌ្ឍនភាពការងារ សមិទ្ធផលដែលសម្រេចបាន និងសិក្សាពីបញ្ហាប្រឈមនានាក្នុងអាណត្តិកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងលើក ទិសដៅសម្រាប់អាណត្តិបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ក៏នឹងពិនិត្យជាក់លាក់ និងស៊ីជម្រៅលើសេវារដ្ឋបាល និងបច្ចេកទេសដែលដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់តួនាទីស្នូលទាំង៣របស់រដ្ឋសភាជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់កំណត់ទិសដៅ និងចក្ខុវិស័យសំដៅឆ្លើយតបទៅនឹងដំណើរវិវត្តន៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងស្រុក តំបន់ និង ពិភពលោក។

ឯកឧត្តមបន្តថា “តាមរយៈមហាសន្និបាតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាក៏នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឲ្យគ្រប់ អង្គភាពបន្តអនុវត្ត សំដៅធានាបាននូវការផ្ដល់សេវាជូនរដ្ឋសភាកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា”។

សូមជម្រាបថា នៅក្នុងមហាសន្និបាតពេញមួយថ្ងៃនេះ អគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងលើក ឡើងពីលទ្ធផលការងារស្នូលរបស់ខ្លួនដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈម និងការលំបាកទាំងឡាយ។ មហាសន្និបាតនេះ គឺជាវេទិកាដែលត្រូវ ជជែកគ្នាដើម្បីរកដំណោះស្រាយ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្ត ក្នុងការជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង ស្របតាមការរីក ចម្រើនសង្គមជាតិ និងបច្ចេកវិទ្យា។

មានប្រសាសន៍បើកមហាសន្និបាត ឯកឧត្តមបណ្ឌិត ងួន ញុិល បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹង កំណើននៃតម្រូវការ និងទំហំការងាររបស់ រដ្ឋសភា ក៏ដូចជាដើម្បីចូលរួមបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមសូមផ្តល់នូវអនុសាសន៍មួយចំនួន សំដៅធ្វើយ៉ាងណាប្រែ ក្លាយអគ្គលេខាធិការដ្ឋានរដ្ឋសភាបច្ចុប្បន្នឲ្យកាន់តែទំនើប និងមានសមត្ថភាពជាងមុន ក្នុងការជួយជ្រោមជ្រែងដល់តួនាទីស្នូលរបស់រដ្ឋសភា សំដៅ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អនៅកម្ពុជា ក៏ដូចជាក្នុងការជួយពង្រឹងសមត្ថភាពការទូតសភាកម្ពុជានៅលើឆាកអន្តរជាតិ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបន្តជំរុញការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងទី៤ ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពថវិការដ្ឋ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ធ្វើទំនើបកម្មស្ថាប័ន ឲ្យស្របទៅ នឹងការវិវត្តន៍របស់ស្ថាប័ននានាក្នុងតំបន់ និងពិភពលោក។ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបន្តលើកកម្ពស់គុណភាពនៃការធ្វើទំនាក់ទំនងរវាងតំណាង រាស្រ្ត និងម្ចាស់ឆ្នោត និងជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន