ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ
ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/11/2018 7:17:07 PM )

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម Lee Juyoung សមាជិករដ្ឋសភាកូរ៉េ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា កូរ៉េ គឺជាដៃគូយុទ្ធសាស្រ្ត ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ ។

ឯកឧត្ដមបញ្ជាក់ថា ចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺមានភាពរឹងមាំ មិនអាចបំបែកបាន ទេ។ ឯកឧត្តម ឈាង វុន ក៏មានប្រសាសន៍លើកឡើងពីការទទួលបានជោគជ័យ លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយកត្តាដើម្បីជំរុញភាព ជោគជ័យនេះបន្ថែមទៀត គឺប្រទេសទាំងពីរត្រូវការការហោះហើរត្រង់ពីកម្ពុជាទៅកាន់កូរ៉េ និងពីកូរ៉េមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឈាង វុន ក៏បានស្នើសុំឲ្យភាគីកូរ៉េ ជួយជំរុញការនាំចេញកសិផលពីកម្ពុជាទៅកាន់កូរ៉េផងដែរ។

ឯកឧត្តម Lee Juyoung បានមានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់ ឯកឧត្តម ឈាង វុន និងបានកោតសរសើរចំពោះការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានអបអរសាទរ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ ហើយថាវត្តមានរបស់ឯកឧត្ដមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងកិច្ច ទំនាក់ទំនង រវាងសភាជាតិកម្ពុជា និងកូរ៉េ ឲ្យកាន់តែខ្លាំងក្លានិងរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម Lee Juyoung សង្ឃឹមថា សភាជាតិប្រទេសទាំងពីរ កម្ពុជា-កូរ៉េ នឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតសិ្នទ្ធថែមទៀត ព្រមទាំងមានការ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ ឯកឧត្ដមបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាល និងរដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហប្រតិ- -បត្តិការគ្នាកាន់តែជិតសិ្នទ្ធ ក៏នឹងធ្វើឱ្យអ្នកវិនិយោគកូរ៉េកាន់តែមានការចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន