ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចំនួន២នឹងត្រូវដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភាពិភាក្សា និងអនុម័តនាពេលខាងមុខ
សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចំនួន២នឹងត្រូវដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភាពិភាក្សា និងអនុម័តនាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/8/2018 8:58:53 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា ធម្មនុញ្ញ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភា ធ្វើការពិភាក្សា និង អនុម័តនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បែបនេះ បន្ទាប់ពីអង្គប្រជុំបានធ្វើការពិនិត្យ និងសិក្សាយ៉ាងលម្អិតរួមគ្នា រវាងអន្តរគណៈកម្មការ ជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ សមាសភាពក្នុងកិច្ចប្រជុំនេះ មានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន ​បញ្ញា ប្រធានគណៈកម្មការ សហការជាមួយអន្តរគណៈកម្មការជំនាញ រដ្ឋសភាដែលទទួលបន្ទុកពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់។ ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ និងសហការី។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា កម្ពុជា​មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌រឹងមាំ​ មាន​ស្ថិរភាព អាច​ជឿ​ទុក​ចិត្ត​បាន តាម​មាគ៌ា​នៃ​នីតិរដ្ឋ ដោយ​មានទាំង​បរិមាណ និង​គុណភាព​ស្ទើរ​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ លើស​ពី​នេះ​ទៀត កម្ពុជា​មាន​សុខ​សន្តិភាព​យ៉ាង​ពិត​ប្រាកដ ដែល​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ ដែល​ជា​ភារកិច្ច​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គម។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា ដោយប្រទេសកម្ពុជាប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺអង្គព្រះមហាក្សត្រ មិនអាចរំលោភបំពានបានឡើយ ហើយដើម្បីធានាលើកស្ទួយ និងការពារព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រដែលជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រ កម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ដូចនេះចាំបាច់ត្រូវមានការរៀបចំជាមាត្រាថ្មីមួយចំនួន បំពេញបន្ថែមនូវភាពខ្វះចន្លោះដែលពុំមាន ចែងនាពេលកន្លងមក ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ និងស្របតាមបរិបទសង្គម ដែលមានការរីកចម្រើន។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេច អំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺតម្រូវឲ្យមាន ការធ្វើវិសោធនកម្មច្បាប់នេះឡើង ដើម្បីឆ្លើយតបនឹងបរិការណ៍ ធានាឲ្យមានភាពរលូន សង្គតិភាព និងឯកភាពនៃច្បាប់ ព្រមទាំងធានាឲ្យមាន ការអនុវត្តច្បាប់ដោយប្រសិទ្ធភាព។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ វាទាមទារចាំបាច់ត្រូវតែធ្វើវិសោធនកម្មទៅលើច្បាប់នេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការគោរពសិទ្ធិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ផ្អែកលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាល បានខិតខំជំរុញធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ជាការគាំទ្រដល់ការងារធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ ព្រោះវាជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អក្នុងការលើកស្ទួយ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានានូវយុត្តិធម៌សង្គម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន