ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាខេត្តលាវនីញ ជម្រាបសម្តេចប្រធានរដ្ឋសភាពីគម្រោងទាក់ទាញអ្នកវិនិយោគ និងទេសចរពីខេត្តនេះមកកម្ពុជា
សភាខេត្តលាវនីញ ជម្រាបសម្តេចប្រធានរដ្ឋសភាពីគម្រោងទាក់ទាញអ្នកវិនិយោគ និងទេសចរពីខេត្តនេះមកកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/5/2017 9:04:30 PM )

ឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តលាវនីញប្រទេសចិន បានដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិជាមួយខេត្តចំនួនពីររបស់ប្រទេសកម្ពុជា និងពង្រឹងពង្រីកគម្រោងវិនិយោគនៅ កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនេះ ឯកឧត្តម ពីង ហ្សីកាង បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីគោលបំណងសំខាន់ៗរបស់គណៈប្រតិភូ ដែលមកបំពេញ ទស្សនកិច្ចនៅកម្ពុជានាពេលនេះថា គឺដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តសំខាន់ៗចំនួនពីររបស់ប្រទេសកម្ពុជា មានដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងខេត្តលាវនីញរបស់ចិន។

គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ខេត្តទំាងពីរនេះ ដើម្បីពិភាក្សានិងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ ជាមួយថ្នាក់ដឹកនាំខេត្តទំាងនោះ។ ការមកកាន់កម្ពុជារបស់គណៈប្រតិភូខេត្តលាវនីញនេះ ក៏ដើម្បីសិក្សាពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាជាមុនផងដែរ។ ដោយនៅពេលត្រឡប់ ទៅវិញ គណៈប្រតិភូនឹងកៀងគរផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរចិន ឲ្យមកបណ្តាក់ទុន និងធ្វើទេសចរនៅកម្ពុជាឲ្យបានច្រើន ឡើង។

ឯកឧត្តម ពីង ហ្សីកាង បានជម្រាបជូនសម្តេចថា ខេត្តលាវនីញជាខេត្តមានសក្តានុពលមួយរបស់ប្រទេសចិន។ ខេត្តនេះស្ថិតនៅភាគខាងកើតឈៀង ខាងជើងប្រទេសចិន ជាខេត្តដែលមានឧស្សាហកម្មដែកថែប ឧស្សាហកម្មគ្រឿងចក្រកសិកម្ម និងអេឡិចត្រូនិចព័ត៌មានវិទ្យាជាដើម។

ឯកឧត្តម ពីង ហ្សីកាង បានមានប្រសាសន៍ថា ដើម្បីងាយស្រួលដល់អ្នកវិនិយោគអគារពាណិជ្ជកម្ម ខេត្តលាវនីញនៅកម្ពុជានឹងបើកការដ្ឋានសាងសង់ ហើយប្រារព្ធពិធីសម្ពោធនៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះដែរ។ “ខ្ញុំនឹងខិតខំជំរុញអ្នកវិនិយោគទុនចិន នៅខេត្តលាវនីញមក រកស៊ីនៅកម្ពុជាឲ្យច្រើន ដើម្បីជាចំណងដៃនៃចំណងមិត្តភាពការទូតកម្ពុជា ដែលឈានដល់ខួបទី៦០ឆ្នាំនៅឆ្នាំ២០១៨ខាងមុខនេះ” នេះជាការគូស បញ្ជាក់របស់ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តលាវនីញ  ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ពីង ហ្សីកាង និងគណៈប្រតិភូនៅកម្ពុជានាពេល នេះ។ សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានចូលរួមចំណែកបន្តពូនជ្រំលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសយើងទំាងពីរកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ឲ្យកាន់តែជិតស្និទ្ធថែមទៀត។ “បច្ចុប្បន្នទំនាក់ទំនងនៃប្រទេស យើងទាំងពីរ មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ”។

សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជាក៏ដូចប្រជាជនកម្ពុជា សូមគាំទ្រ និងអបអរសាទរចំពោះជោគជ័យជាបន្តបន្ទាប់ ដែលប្រទេសទាំងពីរ សម្រេចបាន ដើម្បីនាំមកនូវវិបុលភាពសម្រាប់ប្រជាជាតិនៃប្រទេសទំាងពីរ ពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍កម្ពុជាលើគ្រប់ វិស័យ។

នៅក្នុងជំនួបនេះ ភាគីទំាងពីរក៏បានលើកឡើងពីចំណងមិត្តភាពកម្ពុជាចិន ដែលមានតំាងពីយូរណាស់មកហើយ ជាពិសេសនៅក្នុងកាលៈទេសៈចុង ក្រោយនេះ ចំណងមិត្តភាពកម្ពុជា-ចិន បានឈានដល់ចំនុចកំពូលមួយដែលមិនធ្លាប់មានកន្លងមក។ ទំនាក់ទំនងការទូតកម្ពុជាចិនបានឈានដល់ខួប ទី៦០ឆ្នាំនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh