ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅប្រទេសហ្វីលីពីន
មន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/10/2017 7:35:34 AM )

មន្ត្រីនាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៦រូប និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៦រូប បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមជំនួយ ឧបត្ថម្ភពីមូលនិធិខុនរ៉ាដអាឌឹនណៅអ៊ែ ប្រចាំនៅកម្ពុជា។

នៅក្នុងរយៈពេលនៃទស្សនកិច្ចសិក្សានេះ កម្មសិក្សាការីទាំងអស់បានជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ ជាមួយមន្ត្រីជំនាញជាច្រើនរបស់ហ្វីលីពីន ក្នុងនោះមានដូចជា៖ ជួបជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ត្រីជំនាញដែលបម្រើការងារផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន។ ជាមួយគ្នានេះ កម្មសិក្សាការីក៏បានទៅសិក្សាស្វែងយល់បន្ថែមជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនដែលធ្វើការងារទាក់ទងនឹងជំនាញទំនាក់ទំនងសាធារណៈ និងស្ថាប័នសារព័ត៌មានល្បីៗនៅប្រទេសហ្វីលីពីន មានដូចជា Inquirer និង Rappler ជាដើម។

នៅក្នុងជំនួបពិភាក្សានីមួយៗ កម្មសិក្សាការីទាំងអស់បានត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ នូវរាល់ការធ្វើបទបង្ហាញពីភាគីប្រទេសហ្វីលីពីន ហើយក៏មានការសាកសួរបន្ថែមដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ សម្រាប់យកមកបំពេញការងារជូនស្ថាប័នរបស់ខ្លួន។

ដោយឡែក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានជួបជាមួយលោកស្រីអគ្គនាយក និងលោកស្រីប្រធាននាយកដ្ឋានកិច្ចការសាធារណៈ និង ព័ត៌មាននៃរដ្ឋសភាហ្វីលីពីននាពេលព្រឹករួចមក នៅវេលារសៀលក្រុមកម្មសិក្សាការី ក៏បានទទួលការអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារជាមួយ លោក Mr. Romualdo Sta. Clara លេខាធិការគណៈកម្មការទទួលបន្ទុកព័ត៌មានសាធារណៈនៃរដ្ឋសភាហ្វីលីពីន

លោកបានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះកម្មសិក្សាការីទាំងអស់ ដែលបានមកសិក្សាស្វែងយល់  ពីការងារព័ត៌មាននិងទំនាក់ទំនង សាធារណៈនៅតាមស្ថាប័នទាំងឡាយរបស់ហ្វីលីពីន។ លោកក៏បានមានប្រសាសន៍លើកទឹកចិត្តឲ្យមន្ត្រីថ្នាក់ជំនាញបច្ចេកទេស គួរមានការផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមកបែបនេះជាបន្តនៅពេលខាងមុខទៀត ដើម្បីបង្កើនសមត្ថភាពឲ្យបានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា សមាសភាពចូលរួមសម្រាប់ទស្សនកិច្ចសិក្សានេះមានចំនួន១៥រូប ក្នុងនោះមាន៣រូបមកពីមូលនិធិខុនរ៉ាដ ដឹកនាំដោយ លោក Gradwohl Rene Dennis តំណាងមូលនិធិខុនរ៉ាដប្រចាំកម្ពុជា មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៦រូប ដឹកនាំដោយ លោក លី ច័ន្ទរង្សី ជាអនុប្រធាននាយកដ្ឋានព័ត៌មាន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៦រូប ដឹកនាំដោយ លោក ជួន ណា  អគ្គនាយករងព័ត៌មាន និង ទំនាក់ទំនងសាធារណៈ

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh