ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងរាជរដ្ឋាភិបាលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុឆ្នាំ២០១៨ និងកិច្ចព្រមព្រៀងបង្ការការកិបកេងបន្លំពន្ធ
រដ្ឋសភា និងរាជរដ្ឋាភិបាលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុឆ្នាំ២០១៨ និងកិច្ចព្រមព្រៀងបង្ការការកិបកេងបន្លំពន្ធ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/10/2017 6:59:32 AM )

គណៈកម្មការជំនាញរដ្ឋសភា ដែលមានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប​ និង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងតំណាងរាជរដ្ឋាភិបាល ដែលមាន ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តើមប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំដែលមានការចូលរួមពីអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ លោកជំទាវ សោម គីមសួគ៌ ផងនោះ ក៏បានលើកយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសចំនួនបួន មានប្រទេសសឹង្ហបុរី ប្រទេស ចិន ប្រទេសប្រ៊ុយណេ និងប្រទេសថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលមក​ពិនិត្យ និងសិក្សាផងដែរ។

កិច្ចព្រមព្រៀងទំាងបួននោះមានឈ្មោះពេញថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរតួននៃ ប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងកិច្ច ព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការ បង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ចំពោះការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តី ព្រាងច្បាប់នេះ បានតាក់តែងឡើងតាមគោលនយោបាយវិត្ថារកម្មថវិកាដោយប្រយ័ត្នប្រយែង ឆ្ពោះទៅរកការសម្រេចឲ្យបានជាអតិបរមានូវគោល ដៅសំខាន់ៗជាសារវ័ន្តនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ហើយដែលថាអាចហុចផលភ្លាមៗនៅឆ្នាំ២០១៨ ដែលជាឆ្នាំចុងក្រោយនៃនីតិកាល ទី៥ របស់រដ្ឋសភានោះ។

មិនខុសគ្នានេះ នៅក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ដែលភ្ជាប់មកជាមួយសេចក្តីព្រាងច្បាប់នេះ ក៏បានបញ្ជាក់ដែរថា ក្របខ័ណ្ឌគោល នយោបាយថវិកាឆ្នាំ២០១៨ មានគោលបំណងសំខាន់ៗ ដូចជាបន្តពង្រឹងយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ វប្បធម៌សន្តិភាព សីលធម៌សង្គម និងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទំាង ភាពសុខដុមរមនាក្នុងសង្គម ក៏ដូចជាភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ បន្តធានាអនុវត្តគោលនយោបាយដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ដល់ប្រជាជនគ្រប់ស្រទាប់ ជាន់ថ្នាក់។

រាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជានៅតែទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% នៅក្នុងឆ្នាំ២០១៨។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨មាន៦ជំពូក និង១៦មាត្រា។

ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសបួន ដែលមានប្រទេស សឹង្ហបុរី ប្រទេសចិន ប្រទេសប្រ៊ុយណេ និងប្រទេសថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូលនោះវិញ ត្រូវបានតំណាងរាជរដ្ឋាភិបាលគូសបញ្ជាក់ថា យោងតាមផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្តីពីវិស័យពន្ធដា គឺបាន បញ្ជាក់ថា ប្រសិនបើអាចរដ្ឋសមាជិកត្រូវបញ្ចប់ការចរចាកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាក្នុងចំណោមរដ្ឋសមាជិកទាំង អស់ឲ្យបានក្នុងឆ្នាំ២០១០។ ព្រះរាជាណាចក្រកម្ពុជាគឺជារដ្ឋសមាជិកតែមួយគត់ របស់អាស៊ានពុំទាន់មានកិច្ចព្រមព្រៀងខាងលើជាមួយរដ្ឋសមាជិក ដូចគ្នាក៏ដូចជាប្រទេសដ៏ទៃទៀតលើពិភពលោក។

ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ដើម្បីបំពេញកាតព្វកិច្ចក្រោមក្របខ័ណ្ឌអាស៊ាន ក្នុងការទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទំាងទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ កម្ពុជាបានជ្រើសរើសប្រទេស៤ជា អាទិភាព សម្រាប់ចរចាបង្កើតជាកិច្ចព្រមព្រៀងទំាង៤នេះឡើង។

កិច្ចប្រជុំរវាងគណៈកម្មការជំនាញរបស់រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលនាពេលនេះ បានពិភាក្សា ពិនិត្យសេចក្តីព្រាងច្បាប់មួយៗតាមនីតិវិធី។ ភាគីរដ្ឋសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់សំខាន់ៗទំាងនេះ ឡើង ជាយន្តការយកទៅអនុវត្តក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើននោះ។

សូមជម្រាបថា នេះជាយន្តការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់របស់រដ្ឋសភា ដែលមានច្រើនតំណាក់កាល មុននឹងសម្រេចដាក់បញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័តនោះ។ បន្ទាប់ពីកិច្ចប្រជុំពិនិត្យសិក្សានេះរួច គណៈកម្មការជំនាញរដ្ឋសភា និងធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញ៕

 

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័តមាន


 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh