សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំសភានិយាយភាសាបារាំង APF តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ បានបិទបញ្ចប់ ដោយទទួលបានមតិរួមចំនួន១០ចំណុចលើប្រធានបទតុមូលទាំងពីរ
កិច្ចប្រជុំសភានិយាយភាសាបារាំង APF តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ បានបិទបញ្ចប់ ដោយទទួលបានមតិរួមចំនួន១០ចំណុចលើប្រធានបទតុមូលទាំងពីរ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/7/2017 7:17:26 PM )

កិច្ចប្រជុំសភានិយាយភាសាបារាំង APF តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ ដែល​​រៀបចំ​​ដោយ​សភានៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ថ្លែងនៅពេលបិទកិច្ចប្រជុំ លោកជំទាវ ស៊ុន សាភឿន សមាជិកាក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង ជាប្រធានដឹកនាំអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ គណៈប្រតិភូទាំងអស់បានពិភាក្សាគ្នាលើប្រធានបទទី១ និងទី២ យ៉ាងទូលំទូលាយ ដោយ អង្គប្រជុំបានកត់សម្គាល់នូវមតិរួមជាគោលចំនួន១០ចំណុច។ ក្នុងនោះប្រធានបទតុមូលទី១ មាន៥ចំណុច និង៥ចំណុចទៀតលើប្រធាន បទតុមូលទី២។ លោកជំទាវបញ្ជាក់ថា ប្រធានបទតុមូលទី១ ស្តីពី “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០១៥-២០៣០ ស្តីពីវិស័យសុខាភិបាល និងសមភាពរវាងបុរសនិងស្រ្តី” មតិរួមដែលទទួលបានមានដូចជា៖

              ១.គោលដៅវិស័យសុខាភិបាល និងសមភាពរវាងបុរស និងស្ត្រីគឺជាប់ជិតស្និទ្ធ និងជាប់នឹងគោលដៅដ៏ទៃទៀតហើយទាំងអស់នេះ មានសារៈសំខាន់ជាចម្បងសម្រាប់សង្គម។

              ២.គោលដៅប្រកបដោយចីរភាព គឺជាក្របខណ្ឌរួមសម្រាប់ចង្អុលទិសសម្រាប់ដោះស្រាយ​​បញ្ហាទាំងអស់នេះ។

              ៣.ប្រទេសនីមួយៗមានចំណុចរួមជាអាទិ៍ សមិទ្ធិផលដែលសម្រេចបាន និងការលើកកម្ពស់ និងបញ្ហា​ដែលត្រូវដោះស្រាយដើម្បី ទៅដល់ទិសដៅរបស់ខ្លួន។ យើងស្ថិតនៅក្នុងរយៈពេលនៃការចាប់ផ្តើមចេញដំណើរ យើងមិនទាន់មានតួលេខគ្រប់គ្រាន់ដើម្បីបង្ហាញសមិទ្ធិផល ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះបាន។

              ៤.នៅលើមូលដ្ឋាននេះ ប្រទេសនីមួយៗបានកំណត់ផែនការ និងកម្មវិធីអភិវឌ្ឍន៍ និងវិធីបញ្ចូលជាមួយកម្មវិធីដទៃទៀត នៃការអភិវឌ្ឍ ប្រកបដោយចីរភាពទៅដល់ថ្នាក់មូលដ្ឋាន។

              ៥.យើងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមុខនាទីរបស់យើងជាសមាជិកសភា និងជាតំណាងប្រជាពលរដ្ឋដោយត្រូវ៖

 

-   ប្រែក្លាយទិសដៅទាំងពីរខាងលើទៅជាច្បាប់ ទៅជាគម្រោងថវិកា និងទៅជាវិធានការដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់។


                        -   ប្រទេសទាំងបីបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភា


                        -    ប្រទេសនីមួយៗត្រូវចូលរួមចំណែកដើម្បីអោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចសម្រេចបានតាមទិសដៅរបស់ខ្លួន។

ចំពោះប្រធានបទតុមូលទី២ ស្តីពី “កិច្ចសហប្រតិបត្តិការ រវាងប្រទេសក្នុងតំបន់ ក្នុងគោលដៅធានានូវសន្តិភាព​ និងការអភិវឌ្ឍប្រកបដោយចីរភាព ”លោកជំទាវ ស៊ុន សាភឿន បានមានប្រសាសន៍ថា មតិរួមដែលត្រូវបានកត់សម្គាល់ទាំង៥ចំណុច សម្រាប់ប្រធានបទនេះ មានជាអាទិ៍៖

          ១.បើគ្មានសន្តិភាព គ្មានកិច្ចសហប្រតិបត្តិការ នោះគ្មានការអភិវឌ្ឍទេ និងបើគ្មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏គ្មានសន្តិភាពដែរ។

          ២.ភាពជាដៃគូនៅថ្នាក់តំបន់ និងពិភពលោក ជាការចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អមួយ។

          ៣.ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកគឺត្រូវបើកចំហទីផ្សារ។

          ៤.អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង បានចូលរួមចំណែកជាច្រើនក្នុងការជួយជំរុញអោយមានសន្តិភាពនៅលើពិភពលោក។

          ៥.ដើម្បីអនុវត្តទិសដៅការងារខាងលើ យើងជាសមាជិកសភាត្រូវយកចិត្តទុកដាក់ចំពោះតួនាទីរបស់ខ្លួន។

នៅចុងបញ្ចប់ អង្គប្រជុំបានសម្រេចឯកភាពគ្នាថា កិច្ចប្រជុំសភានិយាយភាសាបារាំង(APF)តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៩ គឺនឹងត្រូវរៀបចំ ធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh