គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2017 5:59:57 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានប្រជុំពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ និងបានឯកភាពលើខ្លឹមសារ និងទម្រង់​ច្បាប់ នៃសេចក្តីព្រាងច្បាប់នេះ ហើយបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។

កិច្ចប្រជុំនេះ ភាគីរដ្ឋសភាដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារ​ណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។ ចំណែកភាគីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្មត្រូវបានរៀបចំឡើង ដើម្បីការពារផលិតកម្ម និងឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ពីផលប៉ះពាល់នៃការ​លក់បន្ទាបថ្លៃខុសប្រក្រតី។ សេចក្តីព្រាងច្បាប់នេះ ក៏ជាយន្តការសំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់អ្នក វិនិយោគទុនទំាងឡាយដែលរកស៊ីនៅកម្ពុជា ពីព្រោះថាសេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍សំខាន់មួយ ដើម្បីធានាដល់ការប្រកួតប្រជែង ប្រកបដោយភាពសុចរិតនិងស្មោះត្រង់។

លោកជំទាវ និន សាផុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេសក្រសួងពាណិជ្ជកម្មផ្ទាល់តែម្តង ដែលបានខិតខំកែលម្អ ក៏ដូចជាបង្កើត ច្បាប់នានា ដែលមានសារៈសំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មជាតិឲ្យមានការរីកចម្រើន និងបានទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើនឡើង។

លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលមានច្បាប់ និងសក្តានុពលជាច្រើននៅក្នុងការវិនិយោគ ហើយគណៈកម្មការជំនាញរដ្ឋសភា បានគំាទ្រសេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្មនេះ។

នៅក្នុងការពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ មានការសួរ និងបកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។ សេចក្តីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្មមាន៦ជំពូក និង៤៥មាត្រា។ លោកជំទាវប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា បានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យ សិក្សា នៅពេលនេះទៅ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគម​នាគមន៍ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ រដ្ឋសភានាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh