ថ្ងៃ សុក្រ ទី 24 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ប្រជុំត្រៀមទទួលគណៈប្រតិភូសភាវ័យក្មេងនៃសភានិយាយភាសាបារាំង
គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ប្រជុំត្រៀមទទួលគណៈប្រតិភូសភាវ័យក្មេងនៃសភានិយាយភាសាបារាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/17/2017 12:18:25 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានសភាជាតិកម្ពុជា(APF) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមសភាជាតិកម្ពុជា(APF) និងសមាជិកសភាវ័យក្មេង បានប្រជុំត្រៀមសម្រាប់ស្វាគមន៍ដំណើរទស្សនកិច្ច សិក្សា ស្វែងយល់ របស់គណៈប្រតិភូសភាវ័យក្មេង នៃសភានិយាយភាសាបារាំង លើប្រធានបទ ប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋរបស់កម្ពុជា ការបែងចែក កំណើន និងការសម្របសម្រួលរវាងការងារនិងគ្រួសារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺផ្តោតជាសំខាន់ទៅលើ ការស្វាគមន៍ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ សភាវ័យក្មេង នៃសភានិយាយភាសាបារាំង និងប្រធានបទ ប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋរបស់កម្ពុជា ការបែងចែកកំណើន និងការសម្របសម្រួលរវាង ការងារនិងគ្រួសារ ដែលប្រធានបទខាងលើនេះមានសារៈសំខាន់ក្នុងការបង្ហាញពីការវិវត្តន៍រីកចម្រើននៃប្រទេសកម្ពុជា។

លោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការទំនាក់ទំនងអន្តរជាតិ បានជម្រាបជូនអង្គប្រជុំថា មហាសន្និបាតលើកទី៨០នៅប្រទេសស្វីស បានបង្កើតក្រុមមួយទៀត គឺក្រុមសភាវ័យក្មេង ដែលមានអាយុចន្លោះពី២០ឆ្នាំដល់៤០ឆ្នាំ នៅក្នុងឆ្នាំ២០១៥ ដែលសមាជិកសភា មានអាយុដូចខាងលើ គ្រប់ប្រទេសទាំងអស់អាចចូលជាសមាជិកបាន។ ដោយឡែកប្រទេសកម្ពុជា ពុំបានបញ្ជូនសមាជិក សភាវ័យក្មេងអោយទៅចូលរួមទេ ដោយសារថា សមាជិកសភាវ័យក្មេងកម្ពុជា ជាប់រវល់ភារកិច្ចច្រើននៅក្នុងរយៈពេលនេះ ដូចជាការត្រៀមសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និង បោះឆ្នោតសកលនាពេលខាងមុខជាដើម។

លោកបន្តថា សភាវ័យក្មេងនៃសភានិយាយភាសាបារាំងមានចំនួន១០រូប បានចាប់ផ្តើមទស្សនកិច្ចសិក្សាស្វែងយល់នៅឆ្នាំ២០១៦ នៅទ្វីបអាមេរិក និង ប្រទេសកាណាដាហើយនៅឆ្នាំ២០១៧ ការសិក្សាស្វែងយល់ធ្វើនៅទ្វីបអាស៊ី ដែលប្រទេសវៀតណាម ក៏នឹងរៀបចំទទួលធ្វើពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

អគ្គលេខាធិការ(APF) បានធ្វើលិខិតផ្លូវការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំប្រទេស កម្ពុជា ជួយទទួលដំណើរទស្សនកិច្ច សិក្សាស្វែងយល់​របស់គណៈប្រតិភូសភាវ័យក្មេង នៃសភានិយាយភាសាបារាំង លើប្រធានបទ ប្រព័ន្ធគ្រប់គ្រង ស្ថាប័នរដ្ឋរបស់កម្ពុជា ការបែងចែកកំណើន និងការសម្របសម្រួលរវាងការងារនិងគ្រួសារនៅបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួននៅកម្ពុជា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh