ថ្ងៃ សុក្រ ទី 26 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីជាន់ខ្ពស់សភាកម្ពុជាសិក្សាស្វែងយល់ពីកិច្ចការផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ និងការទទួលស្វាគមន៍សមាជិកសភាថ្មី នៅសភាប្រទេសបារំាង
មន្រ្តីជាន់ខ្ពស់សភាកម្ពុជាសិក្សាស្វែងយល់ពីកិច្ចការផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ និងការទទួលស្វាគមន៍សមាជិកសភាថ្មី នៅសភាប្រទេសបារំាង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/15/2017 12:20:41 AM )

មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាមួយក្រុម បានកំពុងបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ កិច្ចការរបស់សភាប្រទេសបារំាង លើប្រធានបទ សំខាន់ៗចំនួនពីរ គឺទីមួយ ការងារទទួលស្វាគមន៍ ចំពោះសមាជិកសភាថ្មីទើបជាប់ឆ្នោត និងប្រធានបទសំខាន់ទី២ គឺកិច្ចការព័ត៌មាន និងទំនាក់ទំនង សាធារណៈរបស់សភា ក្នុងការផ្សព្វផ្សាយព័ត៌មានពីសភាទៅដល់សាធារណជន និងអ្នកសារព័ត៌មាន ។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្រោយកិច្ចព្រមព្រៀង រវាងវិទ្យាស្ថានសភាកម្ពុជារបស់ប្រទេសកម្ពុជា និងរដ្ឋសភានៃសាធារណ​រដ្ឋ​បារំាង។ ដំណើរ ទស្សនកិច្ច បានផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

ចាប់ពីថ្ងៃទី១៣ ខែមីនាមក បន្ទាប់ពីធ្វើដំណើរ មកដល់ប្រទេសបារំាង មន្រ្តីសភាកម្ពុជា បានសិក្សាស្វែងយល់ ជាមួយមន្រ្តីជំនាញៗរបស់រដ្ឋសភា និង ព្រឹទ្ធសភាបារំាងជាច្រើនក្រោមការសម្របសម្រួលរបស់ លោកស្រី Sylvie MALGOUYARD នាយករងនៃផ្នែកសហប្រតិបត្តិការអន្តរសភា នៃរដ្ឋសភា បារំាងលោកស្រី Sylvie MALGOUYARD ក៏បានធ្វើបទបង្ហាញរួមពីទិដ្ឋភាពទូទៅរបស់រដ្ឋសភាបារាំងដល់មន្រ្តីសភាកម្ពុជាផងដែរ។ ដោយក្នុងនោះ ស្ថាប័ននីតិប្បញ្ញត្តិរបស់បារំាង និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា គឺមានរដ្ឋសភា និងព្រឹទ្ធសភា។

ទាក់ទងនឹងប្រធានបទនៃដំណើរទស្សនកិច្ចនេះវិញ មន្រ្តីជំនាញរបស់រដ្ឋសភា និងព្រឹទ្ធសភាបារំាងជាច្រើនរូប បានធ្វើបទបង្ហាញ ពីកិច្ចការព័ត័មាន របស់សភាបារំាងទំាងពីរថ្នាក់ ដល់មន្រ្តីសភាកម្ពុជា ដោយនៅក្នុងនោះ ការផ្សព្វផ្សាយព័ត៌មានរបស់សភាបារំាង​ បានប្រើប្រាស់មធ្យោបាយជាច្រើន រួមមាន ការបោះពុម្ពខិតប័ណ្ណដែលងាយយល់ មានការទាក់ទាញសម្រាប់ចែកជូនសាធារណជន។ ទំាងរដ្ឋសភា និងព្រឹទ្ធសភា របស់ប្រទេសបារំាង មានគេហទំព័រ និងបណ្តាញព័ត៌មានសង្គមដ៏សម្បូរបែប ក្នុងការផ្តល់សេវាព័ត៌ មានចេញពីសភាទៅខាងក្រៅ ដោយបានប្រមូលផ្តុំទិន្នន័យព័ត៌មាន ជាច្រើនមកពីគ្រប់ផ្នែក ដែលជាកិច្ចការសភាមកបង្ហោះក្នុងគេហទំព័រ ក្នុងទស្សនវិស័យបង្ហាញពីតម្លាភាពនៅក្នុងសភាដល់សាធារណជន។

នៅក្នុងការងារទំនាក់ទំនងនេះដែរ ទំាងរដ្ឋសភា និងព្រឹទ្ធសភាបារំាង បានបើកចំហដល់សាធារណជន បានមកទស្សនាវិមានរដ្ឋសភា និងព្រឹទ្ធសភា ដោយផ្ទាល់។ ដើម្បីឲ្យពលរដ្ឋបានទទួលព័ត៌មានពីសភាច្បាស់លាស់ នៅពេលមកបំពេញទស្សនកិច្ចនៅក្នុងសភានោះ មន្រ្តីទំនាក់ទំនងសាធារណៈ បានដើរតួនាទីសំខាន់ ដោយនៅក្នុងនោះ ពួកគេបានទទួលការបណ្តុះបណ្តាល ដើម្បីឲ្យមានការយល់ដឹងទូទៅពីរដ្ឋសភា ដើម្បីឆ្លើយសំណួរពលរដ្ឋ។ មន្រ្តីទំនាក់ទំនងត្រូវមានគំនិតច្នៃប្រឌិតក្នុងការរៀបចំព្រឹត្តិការណ៍ សកម្មភាព និងឯកសារនានាសម្រាប់ចែកជូនដល់ពលរដ្ឋ។ ជាមួយគ្នានេះសភាបារាំង ក៏មានស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានរបស់សភាដែរ។

សូមជម្រាបថា មន្រ្តីជាន់ខ្ពស់សភាកម្ពុជាកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារំាងពេលនេះមានចំនួន៧រូប ដែលក្នុងនោះ ៣រូបមកពីរដ្ឋសភា និង៤រូប មកពីព្រឹទ្ធសភា ហើយមានបុគ្គលិកសម្របសម្រួលរបស់វិទ្យាស្ថានសភាកម្ពុជាចំនួន៣រូបផ្សេងទៀត។ ក្រៅពីប្រធានបទពីរខាងលើ មន្រ្តីសភាកម្ពុជា បានទទួលស្តាប់បទបង្ហាញមួយទៀត ទាក់ទងនឹងក្រមសីលធម៌សមាជិកព្រឹទ្ធសភារបស់ប្រទេសបារំាងផងដែរ។

ជាការកត់សម្គាល់ដំណើរទស្សនកិច្ចនេះ ជាផ្នែកសំខាន់មួយក្នុងការពង្រឹងសមត្ថភាពមន្រ្តីព័ត៌មានរដ្ឋសភាកម្ពុជា។ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការពង្រឹង គុណភាពផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋសភា ដើម្បីឲ្យពលរដ្ឋ ទទួលបានព័ត៌មានពីរដ្ឋសភា ជាពិសេសពី តំណាងរាស្រ្ត ដែលពលរដ្ឋបោះឆ្នោតជូននោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh