ថ្ងៃ សុក្រ ទី 26 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុញ្ញាតឲ្យគណៈប្រតិភូសភានិងស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជួបសម្ដែងការគួរសម និងធ្វើសវនាការ
ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុញ្ញាតឲ្យគណៈប្រតិភូសភានិងស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជួបសម្ដែងការគួរសម និងធ្វើសវនាការ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/14/2017 6:54:10 PM )

ឆ្លៀតក្នុងឱកាសមកចូលរួមក្នុងអង្គសិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពី “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគ សាធារណៈ” ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ គណៈប្រតិភូសភា និង ស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានអញ្ជើញចូលជួបសម្ដែងការគួរសម និងធ្វើសវនាការជាមួយ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ជំនួសមុខឲ្យគណៈប្រតិភូប្រទេសទាំង៤ ឯកឧត្ដម វីឡាយវង្ស ប៊ូដាក់ខាំ ប្រធានគណៈកម្មការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃសភាឡាវ បានមាន ប្រសាសន៍ជម្រាបជូន អំពីលទ្ធផលជោគជ័យ នៃអង្គសិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការ ទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ​និងសវនកម្ម នៃសភា កម្ពុជា ឡាវ និងវៀតណាម ក្នុងរយៈពេល២ថ្ងៃកន្លងមក។ ឯកឧត្ដមបន្តថា សិក្ខាសាលានេះ ក៏ជាឱកាស សម្រាប់ការរឹតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងសភា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរសវនកម្មនៃប្រទេសយើងទាំង៤ផងដែរ។

ឯកឧត្ដម វីឡាយវង្ស ប៊ូដាក់ខាំ ក៏បានថ្លែងការកោតសរសើរចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំដំណើរការសិក្ខាសាលាបានយ៉ាងល្អ និងបានទទួល ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូទាំង៣ប្រទេស។ ហើយនៅពេលសភាឡាវ ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៨ នាពេលខាងមុខ ឯកឧត្ដមនឹងរៀនសូត្រតាមកម្ពុជា អំពីបទពិសោធន៍ដ៏ល្អនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះប្រសាសន៍រាយការណ៍សង្ខេប របស់ ឯកឧត្ដមបណ្ឌិត វីឡាយវង្ស ប៊ូដាក់ខាំ ដែលបានជម្រាបជូនអំពីលទ្ធផល នៃសិក្ខាសាលារួមគ្នាលើកទី៧ ដែលទទួលបាននូវជោគជ័យដ៏ល្អ។ ឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា សភាមានតួនាទីសំខាន់ណាស់ ក្នុងការតាក់តែងច្បាប់ តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ និងគោលនយោបាយផ្សេងៗ ពិសេសការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រង ការវិនិយោគសាធារណៈ ដើម្បីធានាបាននូវ គណនេយ្យភាព តម្លាភាព និងប្រសិទ្ធផលខ្ពស់ ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានបង្ហាញនូវជំនឿជឿជាក់ថា លទ្ធផលនៃសិក្ខាសាលារួមគ្នាលើកទី៧ ដែលឯកឧត្ដមប្រធានគណៈប្រតិភូសភាឡាវ រាយការណ៍មកនេះ គឺពិតជាបានមកពីការចូលរួមជជែកពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នាយ៉ាងផុលផុសពីអ្នកចូលរួមទាំងអស់ ហើយទាំងអស់គ្នា ក៏បានរៀនសូត្រ ពីគ្នាទៅវិញទៅមក អំពីការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រង ការវិនិយោគសាធារណៈ ពិសេសប្រាកដជា បានរិះរកនូវគន្លឹះ និង យុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាប្រឈមដែលខ្លួនមាន និងបញ្ហាប្រឈមដែលអាចកើតមាននាពេលអនាគត ឲ្យបានកាន់តែប្រសើរ និងជោគជ័យ។

ជាមួយនឹងការអបអរសាទរចំពោះសភាឡាវ ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៨ នាឆ្នាំ២០១៩ខាងមុខ ឲ្យកាន់តែមានភាព ជោគជ័យ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានសម្ដែងនូវក្ដីសង្ឃឹមថា ចំណងមិត្តភាព​ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៤ នឹងត្រូវ បន្តពង្រឹងនិងពង្រីកថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh