ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការរដ្ឋសភាប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ
គណៈកម្មការរដ្ឋសភាប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/1/2017 6:04:01 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំកិច្ច​ប្រជុំផ្ទៃក្នុង​គណៈកម្មការ ដើម្បីពិនិត្យ​សិក្សា​លើ សេចក្តីស្នើ​វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ​យោងតាមការសម្រេច នៅក្នុង​កិច្ច​ប្រជុំរបស់គណៈកម្មា​ធិការ​​​អចិន្ត្រៃយ៍រដ្ឋសភា កាលពី​ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ បាន​ប្រគល់ភារកិច្ចឲ្យ​ គណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការទី៤នៃរដ្ឋសភា ពិនិត្យសិក្សាស្រាវជ្រាវ លើ​សេច​ក្តី​ស្នើធ្វើ​វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ទៅតាមសំណើរបស់ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងឲ្យតំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​២៩រូប តាមរយៈលិខិតចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដែលបានស្នើសុំធ្វើវិសោធនកម្ម ។

ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការ មានប្រសាសន៍ទៀតថា តាមការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ យល់ឃើញថា សំណើសុំធ្វើ​វិសោធន​កម្មច្បាប់​ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ គឺមានភាពសមស្រប ទៅតាមការវិវត្តន៍របស់សង្គមជាតិ និងការធ្វើកំណែ ទម្រង់នៃមុខងារសាធារណៈរបស់រដ្ឋ។ ម៉្យាងទៀត ដើម្បីឲ្យក្របខណ្ឌមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ មានសង្គតិភាពទៅនឹងមន្រ្តីនៃមុខងារសាធារណៈ ដ៏ទៃទៀត ស្ថាប័ននីតិប្បញ្ញត្តិដែលមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ក៏គប្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុម នីតិប្បញ្ញត្តិនេះ ឲ្យបានសមស្របទៅនឹង ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការធ្វើកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលបាន រៀបចំក្របខណ្ឌ ឋានន្តរសក្តិ និងថ្នាក់ថ្មីសម្រាប់មន្រ្តីរាជការ ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បន្ថែមថា ក្រុមការងារបច្ចេកទេស បានឯកភាពធ្វើការកែសម្រួលខ្លឹមសារ ទៅលើមាត្រាចំនួន២៣  នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិនេះ។

នៅពេលបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សេចក្តីស្នើ​វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ នេះ តាមការពិនិត្យរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ឃើញថា មានភាពសមស្របតាមបែបបទ និងនីតិវិធី។ ដូចនេះគណៈកម្មការ សម្រេចនឹង លើកយកទៅជួបប្រជុំពិគ្រោះយោបល់ជាមួយអន្តរគណៈកម្មការជំនាញនៃរដ្ឋសភាបន្តទៀត ដើម្បីពិនិត្យសិក្សាបន្ថែមនាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh