ថ្ងៃ សុក្រ ទី 24 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា៖ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ពីព្រោះច្បាប់ចាស់មិនសមស្របស្ថានការណ៍​បច្ចុប្បន្ន
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា៖ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ពីព្រោះច្បាប់ចាស់មិនសមស្របស្ថានការណ៍​បច្ចុប្បន្ន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2017 1:03:23 AM )

បន្ទាប់ពីរដ្ឋសភាបានអនុម័ត សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោ​បាយ​រួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជម្រាបជូនថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តស្ទឹងត្រែង ពីមូលហេតុដែលនាំឲ្យ​ សមា​ជិក​​រដ្ឋសភា ស្នើវិសោធនកម្មច្បាប់នេះ គឺដោយសារតែ ច្បាប់គណបក្សនយោបាយ ដែលបានប្រកាសឲ្យប្រើ តំាងពីឆ្នាំ១៩៩៧មកនោះ មានលក្ខណៈមិនសមស្របនឹងស្ថានការណ៍​ពេល បច្ចុប្បន្ន ពោលគឺច្បាប់ចាស់មិនសមស្របនឹងស្ថានភាពប្រទេសជាតិនាពេលបច្ចុ​ប្បន្ននេះ​។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានពន្យល់ពីការធ្វើវិសោធនកម្មនេះ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តស្ទឹងត្រែង ក្នុងខណៈដែលឯកឧត្តម បានដឹកនាំសមាជិកសមាជិកា គណៈកម្មការ ចុះសិក្សាស្វែងយល់ពីការងារនីតិកម្មនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ ហើយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត ក្រោមវត្តមានរបស់ ឯកឧត្តម ញែម សារី  អភិបាលស្តីទីខេត្តស្ទឹងត្រែង ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទំាងអស់ និងបានលើកឡើង ពីតួនាទីភារកិច្ចរបស់រដ្ឋសភា ជម្រាបជូនដល់អាជ្ញាធរមូលដ្ឋាន ផងដែរ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័ត​ច្បាប់ជាច្រើន និងកំពុងបន្តពិនិត្យ សិក្សា សេចក្តីព្រាង សេចក្តីស្នើច្បាប់បន្ថែមទៀត ដើម្បីពង្រឹងនីតិរដ្ឋ ពីព្រោះថាច្បាប់គឺជាយន្តការដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល យកទៅអនុវត្តក្នុងការ គ្រប់គ្រងដឹកនាំប្រទេសជាតិ។ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ កំពុង ពុះពារគ្រប់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ក្នុងការការពារ និងស្តារកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដែលខ្ទេចខ្ទីដោយសារសង្រ្គាមនោះ។

ឯកឧត្តម ញែម សារី  អភិបាលស្តីទីខេត្តស្ទឹងត្រែង បានធ្វើរបាយការណ៍ ជូនប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ពីការអភិវឌ្ឍនិងការរស់នៅដោយ សុខសន្តិភាព សប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ក្រោមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារបស់អាជ្ញាធរខេត្ត គ្រប់ជាន់ថ្នាក់។ ឯកឧត្តមអភិបាលខេត្តស្តីទីបានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែងបានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានវាយតម្លៃខ្ពស់ ចំពោះការទទួលខុសត្រូវ របស់អាជ្ញាធរ​ខេត្ត ដែលជាសេនាធិការរបស់ ស្ថាប័ននីតិប្រតិបត្តិនោះ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំ និងជំរុញដល់អាជ្ញាធរបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ជូនពលរដ្ឋ ពិសេសគឺការផ្សាខ្លួនឲ្យជិតបំផុត ជាមួយប្រជាពលរដ្ឋ ក្នុងនាមជាអ្នកបម្រើពលរដ្ឋនោះ។

សូមជម្រាបថា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា នឹងដឹកនាំប្រតិភូគណៈកម្មការចុះបំពេញបេសកកម្មការងារនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ដើម្បីសិក្សា ស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh