ថ្ងៃ សុក្រ ទី 24 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ ៖ ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាមច្រើនឆ្នាំកន្លងមក តែបច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍ គួរឲ្យកោតសរសើរ
គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ ៖ ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាមច្រើនឆ្នាំកន្លងមក តែបច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍ គួរឲ្យកោតសរសើរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2017 1:39:02 AM )

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូសមាជិករដ្ឋសភាអាឡឺម៉ង់ ដឹកនាំដោយ លោកជំទាវ ដាកម៉ា ជីវូល (Dagmar G.Wohrl)ប្រធានគណៈកម្មាធិការសហប្រតិបត្តិការ សេដ្ឋ​កិ​ច្ច និងអភិវឌ្ឍន៍ នៃរដ្ឋសភាអាឡឺម៉ង់ បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បើទោះបីជាកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមខ្លោចផ្សាច្រើនឆ្នាំកន្លងមកយ៉ាងណាក៏ដោយ។

លោកជំទាវ ប្រធានគណៈប្រតិភូ សភាអាឡឺម៉ង់ បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សា ការងារទ្វេភាគី រវាងគណៈប្រតិភូ សមាជិករដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាមួយគណៈប្រតិភូសភាអាឡឺម៉ង់ នាព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

លោកជំទាវប្រធានគណៈប្រតិភូ ក៏បានកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ច​របស់កម្ពុជា ដែលមានចំណូល អាចទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន បាននឹង កំពុងមានដំណើរទៅមុខយ៉ាងល្អ។ លោកជំទាវ ដាកម៉ា ជីវូល បានមានប្រសាសន៍រម្លឹកពីចំណងមិត្តភាពរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជា នៅក្នុងរយៈ កាល៥០ឆ្នាំកន្លងមក ដោយលោកជំទាវសង្ឃឹមថា ចំណងមិត្តភាពនេះនឹងមានភាពរីកចម្រើនជាបន្តទៀត។

ជាមួយនឹងប្រសាសន៍ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ដាកម៉ា ជីវូល និងគណៈប្រតិភូសភាអាឡឺម៉ង់ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ក្នុងនាមគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាល អាឡឺម៉ង់ ដែលបានជួយដល់ប្រទេសកម្ពុជា លើគ្រប់វិស័យ ក្នុងនោះមានដូចជា វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច​ សុខាភិបាល វប្បធម៌ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ឯកឧត្ដមបណ្ឌិតរដ្ឋ មានប្រសាសន៍ទៀតថា អាឡឺម៉ង់បាន ជួយកម្ពុជានៅគ្រប់ ដំណាក់កាល តាំងពីការស្វែងរកសុខសន្តិភាព ផ្សះផ្សា បង្រួបបង្រួមជាតិ រហូតដល់ពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានមានប្រសាសន៍ថា អាឡឺម៉ង់មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ទាក់ទិននឹងវិស័យវិនិយោគ ឯកឧត្ដម បានស្នើសុំគណៈប្រតិភូសភា អាឡឺម៉ង់ជួយជំរុញអ្នកវិនិយោគអាឡឺម៉ង់ ក៏ដូចជាសហគមន៍អឺរ៉ុប ចូលមកវិនិយោគលើវិស័យកសិកម្ម ដើម្បីជួយដល់កសិករកម្ពុជា។ ឯកឧត្ដម ឈាង វុន ក៏បានអរគុណអាឡឺម៉ង់ដែលកន្លងមកបានជួយកម្ពុជាគ្រប់វិស័យ ពិសេសបានជួយទៅលើការចុះបញ្ជីដីធ្លីនៅកម្ពុជា ដែលជាកិច្ចការមួយដ៏សំខាន់។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានស្នើដល់គណៈប្រតិភូសភាអាឡឺម៉ង់ សូមជួយជំរុញបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត រវាងកម្ពុជានិងអាឡឺម៉ង់លើគ្រប់វិស័យ។ កម្ពុជាក៏សូមស្នើឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក រវាងគណៈប្រតិភូ សភាកម្ពុជា និងអាល្លឺម៉ង់ ជួយជំរុញលើការងារបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ស្នើសុំគណៈប្រតិភូ ជួយផ្សព្វផ្សាយ និងជំរុញដល់ប្រជាជន អាឡឺម៉ង់មកធ្វើទេសចរណ៍ និងវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ឲ្យបានច្រើនឡើងថែមទៀត និងស្នើសុំអាឡឺម៉ង់ ជួយបន្ថែមទៀតនូវអ្វីដែលជា តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា ហើយដែលអាឡឺម៉ង់អាចជួយបាន៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh