ថ្ងៃ ពុធ ទី 29 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជួបពិភាក្សាកាងារជាមួយនាយកមជ្ឈមណ្ឌល ដើម្បីកិច្ចសន្ទនាផ្នែកមនុស្សធម៌ នៃអាស៊ីអាគ្នេយ៍
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជួបពិភាក្សាកាងារជាមួយនាយកមជ្ឈមណ្ឌល ដើម្បីកិច្ចសន្ទនាផ្នែកមនុស្សធម៌ នៃអាស៊ីអាគ្នេយ៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/19/2017 2:28:43 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ​នៃរដ្ឋសភា បានទទួល​ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Michael Vatikiotis នាយកមជ្ឈមណ្ឌល ដើម្បីកិច្ចសន្ទនាផ្នែកមនុស្សធម៌នៃអាស៊ីអាគ្នេយ៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ លោកបណ្ឌិត Michael Vatikiotis បានមានប្រសាសន៍លើកឡើងអំពីគុណតម្លៃនៃកិច្ចសន្ទនា ដែលមជ្ឈមណ្ឌលដើម្បីកិច្ចសន្ទនា ផ្នែកមនុស្សធម៌នៃអាស៊ីអាគ្នេយ៍ កន្លងមកធ្លាប់បានធ្វើកិច្ចការជាច្រើន ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្នុងគោលដៅកាត់បន្ថយ ជម្លោះនៅលើពិភពលោក។ លោកបន្តថា យោងតាមបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក កិច្ចការសន្ទនាគឺជាជម្រើសដ៏ល្អសម្រាប់សង្គម ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ​។ លោកក៏ បានសំណូមពរដល់អ្នកនយោបាយនៅកម្ពុជា សូមបន្តប្រើប្រាស់វប្បធម៌សន្ទនាបន្តទៀត​ ក្នុងការដោះស្រាយបញ្ហានានាដែលកើតមាន​ ដើម្បីបម្រើ​ដល់ ផលប្រយោជន៍​រួម​របស់ប្រទេស​ជាតិ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​និងរដ្ឋសភា បានខិតខំប្រឹង​ប្រែងជាខ្លំាង ក្រោយសង្រ្គាមបានបញ្ចប់ទៅ​ ដើម្បីកសាង​សុខ​​សន្តិភាព និងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋខ្មែរដូចសព្វថ្ងៃនេះ។ សន្តិភាពនៅកម្ពុជា បានកើតឡើងដោយសារ យុទ្ធ​សាស្រ្ត​​​ឈ្នះឈ្នះ​ របស់រាជរដ្ឋាភិបាល។ ជាការ​ឈ្នះ រាល់កា​រលំបាក​ និងឧបសគ្គ​ធំតូចច្រើនរាប់មិនអស់ ទើបកម្ពុជាទទួលបាន ការបង្រួបបង្រួមជាតិ ដំណើរការលទ្ធិ ប្រជាធិបតេយ្យ នីតិរដ្ឋ ការ​គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលលទ្ធផលទាំងអស់នេះ ក៏មានដំណើរការនៃកិច្ចសន្ទនានៅក្នុងនោះដែរ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ សង្កត់ធ្ងន់ថា កន្លងមករហូតដល់បច្ចុប្បន្ន កម្ពុជាក៏នៅតែ បន្តប្រើវប្បធម៌សន្ទនានេះ ដើម្បីពិភាក្សា ចរចា សម្របសម្រួល ពិគ្រោះយោបល់ និងការផ្សះផ្សារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Michael Vatikiotis នាយកមជ្ឈមណ្ឌល ដែលបានជម្រាប ជូនពីកិច្ចការងារមួយចំនួន ដែលមជ្ឈម​ណ្ឌល ដើម្បីកិច្ចសន្ទនាផ្នែកមនុស្សធម៌ នៃអាស៊ីអាគ្នេយ៍ បានធ្វើនាពេលកន្លងមក ដោយឯកឧត្ដមបណ្ឌិត ចាត់ទុកថា នេះជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ឯកឧត្តម ក៏ដូចជាសមាជិកគណៈកម្មការទី៦ ក្នុងការចូលរួមចំណែក កសាងសុខសន្តិភាពភាព និងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh