ថ្ងៃ ព្រហស្បត្តិ៏ ទី 27 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ស្នើសភាប្រទេសកាណាដាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា លើវិស័យការទូតសភា ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស
ឯកឧត្តម ឈាង វុន ស្នើសភាប្រទេសកាណាដាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា លើវិស័យការទូតសភា ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2017 6:25:04 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានឆ្លៀតពីការប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី ជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូសភាកាណាដា ដើម្បីរឹតចំណងមិត្តភាព រវាងសភានៃប្រទេសទាំងពីរឲ្យបានរឹងមាំថែមទៀត។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានស្នើដល់ភាគីសភាកាណាដា ជួយជំរុញអ្នកវិនិយោគទុនប្រទេសកាណាដា មកបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើនឡើង និងស្នើដល់ប្រទេសកាណាដា ជួយនាំចូលផលិតផលកសិកម្ម មានដូចជាស្រូវនិងកៅស៊ូពីកម្ពុជា ហើយបានជំរុញដល់ កាណាដា ផ្តល់អាហារូបករណ៍ ដល់សិស្ស និស្សិត មន្រ្តីរាជការពីកម្ពុជា បានទៅសិក្សារៀនសូត្រនៅប្រទេសកាណាដា ដើម្បីយកចំណេះដឹងមកជួយ កសាង អភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យឆាប់មានការរីកចម្រើន។

ឯកឧត្តម ឈាង វុន ក៏បានស្នើសុំ ឲ្យរដ្ឋសភាកាណាដា ពិនិត្យមើលលើការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចសិក្សា រវាងសមាជិកសភា និងមន្រ្តី អគ្គលេខាធិការដ្ឋានសភាទាំង២ ដើម្បីជាការចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងកាណាដា។

ឯកឧត្តមប្រធានគណៈប្រតិភូសភាកាណាដា បានគាំទ្រនូវការលើកឡើងរបស់ ឯកឧត្តម ឈាង វុន និងបានសន្យាថា នឹងពាំនាំព័ត៌មានទំាងអស់នេះ ជូនថ្នាក់ដឹកនាំសភាប្រទេសកាណាដា ពិនិត្យ សម្រេច ហើយលទ្ធផលយ៉ាងណានោះ នឹងជម្រាបជូននៅពេលក្រោយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh