ថ្ងៃ ព្រហស្បត្តិ៏ ទី 27 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » និស្សិតសាកលវិទ្យាល័យនៅខេត្តបាត់ដំបងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី តួនាទីនិងភារកិច្ចរបស់រដ្ឋសភា
និស្សិតសាកលវិទ្យាល័យនៅខេត្តបាត់ដំបងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី តួនាទីនិងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/16/2016 1:12:17 AM )

ឯកឧត្ដម អេង​ ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានអញ្ជើញ ជួបសំណេះសំណាល និងធ្វើបទបង្ហាញស្ដីពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា ជូនដល់ក្រុមនិស្សិត​ប្រមាណ៣០នាក់ មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥​​ ខែកញ្ញា​​​ ឆ្នាំ​​​​​២០១៦ នៅវិមានរដ្ឋសភា។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ឡេង​​ ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រ​សាសន៍ជម្រាបជូននិស្សិតទំាងអស់ អំពីតួនាទីភារកិច្ច របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការផ្ទាល់របស់រដ្ឋសភា ដោយទទួលរ៉ាប់រងនូវកិច្ចការរដ្ឋបាល គ្រប់បែបយ៉ាងរបស់រដ្ឋសភា ជាអ្នកផ្ដល់សេវាជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានា​ ក៏ដូចជាតំណាងរាស្ត្រទាំងអស់ក្នុងរដ្ឋសភា ជាអ្នកកត់ត្រាកំណត់ហេតុរបស់រដ្ឋសភា និងការធ្វើទំនាក់ទំនងផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្ដម អេង ឆៃអ៊ាង​ ប្រធានគណៈ​​​​​​​​​​​​​​​​​​​​​​​កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត​ និងទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា នៃរដ្ឋសភា ក៏បានធ្វើបទបង្ហាញជូនដល់និសិ្សតទាំងអស់​ អំពីតួនាទីនិងភារកិច្ចសំ​ខាន់​ទាំងបីរបស់តំណាងរាស្ត្រ ទី១គឺជាអ្នកពិភាក្សានិងអនុម័តសេចក្ដីព្រាង​ច្បាប់ ឬសេចក្ដីស្នើច្បាប់​ ទី២-ជាអ្នកពិនិត្យតាមដានការអនុវត្តច្បាប់ របស់ស្ថាប័ននីតិប្រតិបត្តិ​​ និងទី៣គឺភាពជាតំណាងរបស់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ​ដោយត្រូវចុះស្វែងយល់ពីសុខទុក្ខ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន​អោយបានទាន់ពេលវេលា​។​​ ឯកឧត្ដម ប្រធានគណៈ​​​​​​​​​​​​​​​​​​​​​​​កម្មការ បានមានប្រសាសន៍បន្ថែមទៀតថា ក្រៅពីតួនាទីភារកិច្ចដូចខាងលើ រដ្ឋសភាក៏មានភារកិច្ចស្នូលជាច្រើនទៀត ដូចជា ការចូលរួមធ្វើ សិក្ខាសាលាផ្សេងៗ ដែលទាក់ទងនឹងច្បាប់ ការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការផ្នែកនីតិប្បញ្ញត្តិ​ ទាំង​ក្នុង​តំបន់និងអន្តរជាតិជាទ្វេភាគី ពហុភាគីមានការបង្កើតជាក្រុមមិត្តភាពសភា ជាមួយសភានៃប្រទេសនានាលើសកលលោក ហើយក៏មានការចូលជាសមាជិកអង្គការសភាផ្សេងៗ ជាច្រើនទៀត។

តំណាងក្រុមនិស្សិត ក៏បានឡើងមានចំណាប់អារម្មណ៍ បង្ហាញនូវភាពសប្បាយរីក​រាយ និងថ្លែងអំណរគុណ ដែលមានឱកាសបានមក ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីរដ្ឋសភានាពេលនេះដោយពួកគាត់បានយល់ដឹងពីតួនាទីនិងភារកិច្ចរបស់តំណាងរាស្រ្តនិងរចនាសម្ព័ន្ធនានា របស់រដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បន្ទាប់ពីកិច្ចសំណេះសំណាលរួចមក ក្រុមនិសិ្សតទាំងអស់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនា សាលប្រជុំរដ្ឋសភា និងសាលពិព័រណ៍ផងដែរ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh