ថ្ងៃ ព្រហស្បត្តិ៏ ទី 27 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ចុះពិនិត្យមើលការផ្តល់សេវា សាធារណៈជូនពលរដ្ឋ នៅខេត្តព្រៃវែង និងស្វាយរៀង
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ចុះពិនិត្យមើលការផ្តល់សេវា សាធារណៈជូនពលរដ្ឋ នៅខេត្តព្រៃវែង និងស្វាយរៀង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/8/2016 7:14:13 PM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា កាលពីថ្ងៃ ទី​២០ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំ​ សមាជិកសមាជិកាគណៈកម្មការ អញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង​ដើម្បីពិនិត្យមើលការផ្តល់សេវា សាធារណៈនានា ដល់ប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរខេត្តទំាងពីរ។

នៅខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល  អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង ឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹក​នាំមន្រ្តីរាជការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ចំណែកនៅក្នុងខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី  អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីជំនាញតាមស្ថាប័ន មន្ទីរ ជុំវិញខេត្ត ជួបពិភាក្សាជាមួយគណៈប្រតិភូ។

ឯកឧត្តម ហ៊ុន ណេង បានជម្រាបដល់ថ្នាក់ដឹកនាំខេត្តទំាងពីរ ពីគោលបំណងនៃការចុះបេសកកម្ម របស់ ​គណៈកម្មការ នៅពេលនេះ គឺដើម្បី ស្វែងយល់ពីលទ្ធផលការងារ របស់អាជ្ញាធរខេត្ត ក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបញ្ហាសន្តិសុខតាមព្រំដែន។ ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏ចង់ដឹងពី ផលលំបាករបស់អាជ្ញាធរ ក្នុងការ​អនុវត្តច្បាប់ទំាងឡាយដែលរដ្ឋសភាបានអនុម័តនិងបានប្រកាសឲ្យប្រើប្រាស់រួចមកហើយដែរ។

ឯកឧត្តម ថ្នាក់ដឹកនាំខេត្តទាំងពីរ បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូ អំពីស្ថានភាពទូទៅនៅក្នុងខេត្តនិងបានគូសបញ្ជាក់ថា ដោយអនុវត្តតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តទំាងឡាយ ប្រ​កបដោយការសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ គ្រប់ភាគីពាក់ព័ន្ធ មានអង្គការសង្គមស៊ីវិលដែរ ដើម្បី ធ្វើយ៉ាងណាឲ្យខេត្តមានការអភិវឌ្ឍ និងប្រជាពលរដ្ឋ រស់នៅក្នុងសុខសន្តិភាព។

ទំាងខេត្តព្រៃវែង និងខេត្តស្វាយរៀង បានដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញ-ចូលតែមួយ ជាការបង្ខិតសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់។ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់វិញ អាជ្ញាធរបាន​កំពុងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពយ៉ាងសកម្ម ។

ចំពោះការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមព្រំដែនវិញ អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងបានគូសបញ្ជាក់ថា កងកម្លាំងរបស់ខេត្តទំាងពីរ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនជាប្រចំាហើយអាជ្ញាធរជាប់ព្រំដែនរវាងប្រទេសទំាង​ពីរ(កម្ពុជា-វៀតណាម) បានប្រជុំទ្វេភាគីជាញឹកញាប់ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការទប់ស្កាត់បទល្មើសនានា ព្រមទំាងថែរក្សាបាននូវសន្តិសុខ សុវត្ថិភាពតាមព្រំដែន។

ឯកឧត្តម ហ៊ុន ណេង បានថ្លែងការកោតសរសើរចំពោះ​​ថ្នាក់ដឹកនាំ​ខេត្តទំាងពីរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធកងកម្លំាងប្រដាប់អាវុធទំាងអស់ ដែលបាន ខិតខំ​ប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច បម្រើដល់ផលប្រយោជន៍និងការរស់នៅរបស់ប្រ​ជាពលរដ្ឋ នាពេលកន្លងមក។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរខេត្តទំាងពីរ ខិតខំបំពេញការងារ បម្រើពល​រដ្ឋ ឲ្យបានល្អប្រសើរថែមទៀត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ពិសេសប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែលើកឡើងថា “មន្រ្តីរាជការ ជាអ្នកបម្រើពលរដ្ឋមិនមែនជាចៅហ្វាយរបស់ពលរដ្ឋឡើយ”៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh