ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ក្រសួងយុត្តិធម៌ស្នើសុំកិច្ចសហការពីរដ្ឋសភាដើម្បីលើកកម្ពស់វិស័យតុលាការ
ក្រសួងយុត្តិធម៌ស្នើសុំកិច្ចសហការពីរដ្ឋសភាដើម្បីលើកកម្ពស់វិស័យតុលាការ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/28/2016 1:55:03 AM )

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើការស្នើសុំដល់គណៈកម្មការជំនាញរដ្ឋសភា ក្នុងការធ្វើកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់ វិស័យតុលាការនៅកម្ពុជា។ ការស្នើសុំ បែបនេះបានលើកឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី ​បានអញ្ជើញ​មកឆ្លើយបំភ្លឺ ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា អំពីការអនុវត្តច្បាប់របស់តុលា​ការនាពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា​នៃរដ្ឋសភា ដោយ​មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការ សមាជិក គណៈកម្មការទំាង១០ របស់រដ្ឋសភា បានអញ្ជើញឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី មកឆ្លើយបំភ្លឺលើករណីមួយចំនួន ដែលទាក់ទងដល់ការនុវត្តច្បាប់ របស់តុលា​ការ ក្នុងនោះមាន  ការចាប់ ការឃុំខ្លួន និងការផ្តន្ទាទោសអនីតិជន ការឃុំខ្លួនលើសនីតិវិធី កំណត់កំហុស នៃការអនុវត្តនីតិវិធី និងការមិនអនុវត្តតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញាជុំវិញករណីវិវាទដីធ្លី និងវិវាទផ្សេងទៀត និងឯករាជ្យភាពរបស់តុលាការ និងការជ្រៀតជ្រែក​ ជាដើម​។

ឯកឧត្តម អេង ឆៃអ៊ាង បានលើកឡើងពីរបាយការណ៍របស់អង្គការលីកាដូ ដែលនិយាយទាក់ទងដល់ការចាប់ឃុំអនីតិជន នៅក្នុងប្រទេសកម្ពុជា ថាមានចំនួនជាង២០០ករណី នៅក្នុងឆ្នាំ២០១៥ ដែលចំនួននេះ បង្ហាញថាការចាប់ឃុំ ការឃុំខ្លួនលើអនីតិជនមានចំនូនច្រើន ធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សិទ្ធិកុមារ។ ជាមួយគ្នានេះឯកឧត្តមប្រធានគណៈកម្មការក៏បានលើកឡើងពីករណីជាក់ស្តែងមួយចំនួន ដែលគេបានមើលឃើញថាជាភាព អយុត្តិធម៌ របស់ប្រជាពលរដ្ឋ ដែល​ត្រូវតុលាការចាប់ដាក់ឃុំ ដោយសារទំនាស់ដីធ្លី​។

ឯកឧត្តម អេង ឆៃអ៊ាង និងសមាជិកអង្គប្រជុំ ​បានស្នើសុំដល់ក្រសួងយុត្តិធម៌ពិនិត្យករណី ដែល​បានលើកឡើង និងជំរុញដល់តុលាការធ្វើយ៉ាងណា បំពេញតួនាទី ភារកិច្ច មាន​យុត្តិធម៌ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានលើកឡើងថាតុលាការគឺជាស្ថាប័នឯករាជ្យ ដែលក្រសួងយុត្តិធម៌គ្មានសិទ្ធិ គ្មានអំណាចណាមួយ បង្គាប់បញ្ជាស្ថាប័ន នេះទេ។ ​តែឯកឧត្តម នឹងបញ្ជួនកង្វល់ នៃរបាយការណ៍ដែលគណៈកម្មការជំនាញរដ្ឋសភា​មាននៅពេលនេះ ជូនទៅស្ថាប័ន​តុលា​ការដើម្បីពិនិត្យ សិក្សា លើអនុសាសន៍ទំាងអស់នេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មានកិច្ចការជាច្រើន ដែលក្រសួងយុត្តិធម៌ បានកំពុងបំពេញ និងស្ថិតនៅក្នុងផែនការ ដើម្បី លើកកម្ពស់វិស័យយុត្តិធម៌នេះ ដូចជា  ករណីកិច្ចការការពារសិទ្ធិកុមារ ដោយនៅពេលនេះ ក្រសួងកំពុងតាក់តែងច្បាប់មួយស្តីពី យុត្តិ​ធម៌ អនីតិជន។ ច្បាប់យុត្តិធម៌អនីតិជន នេះមានសារសំខាន់ណាស់ក្នុងការការពារសិទ្ធិកុមារ  ហើយ​ដើម្បីឲ្យដំណើរការ នៃការប្រព្រឹត្តទៅរបស់ តុលាការឲ្យដំណើរ បានរលួន យន្តការ​មួយ គឺការដាក់ឲ្យមានរដ្ឋបាលតុលាការ ក៏គ្រោងនឹងរៀបចំឡើងក្នុងពេលអនាគតនេះដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងសហការ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ក្រសួងយុត្តិ​ធម៌ នឹងខិតខំជំរុញដល់តុលាការមិនឲ្យមានការ ឃុំខ្លួន លើប្រជាជលរដ្ឋក្នុងករណីទំនាស់ដីធី្លជាសមូហភាព ទៀតនោះទេ។

កិច្ចប្រជុំបានជជែកដេញដោលដោយបើកជំហរ និងស្និទ្ធស្នាលក្នុងន័យស្វែងរកមធ្យោ​បាយដើម្បីធ្វើយ៉ាងណា កែលម្អរចំនុចខ្វះខាត នៅក្នុងវិស័យ តុលាការ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh