ថ្ងៃ ព្រហស្បត្តិ៏ ទី 27 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស ជួបប្រជុំជាតំណាងអង្គការសង្គមស៊ីវិល
គណៈកម្មការជំនាញរដ្ឋសភាទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស ជួបប្រជុំជាតំណាងអង្គការសង្គមស៊ីវិល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/4/2016 9:37:08 AM )

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធ​ស​ភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ បានជួបពិភាក្សាការ​ងារជាមួយតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ដែលដឹកនាំដោយ លោក តឹកវណ្ណារ៉ា នា​យ​កប្រតិបត្តិ អង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum on Cambodia) នារសៀល ថ្ងៃទី២ខែមីនា ឆ្នាំ២០១៦នៅវិមានរដ្ឋសភា ជុំវិញប្រធានបទមួយចំនួន ដូចជាបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិ និងសិទ្ធិមនុស្សជាដើម។

នៅក្នុងកិច្ចប្រជុំនេះ លោក តឹក វណ្ណារ៉ា បានលើកឡើងពីករណីមួយចំនួន ដូចជាគម្រោងវិនិយោគលើធនធានធម្មជាតិ ករណីទំនាស់ដីធ្លី នៅតាមខេត្ត ក្រុងមួយចំនួន ដូចជានៅខេត្ត កោះកុង ខេត្តបាត់ដំបង ខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ជាដើម។

បន្ទាប់ពីបានស្តាប់របាយការណ៍ ពីអង្គការសង្គមស៊ីវិលហើយ ឯកឧត្តម អេង ឆៃអ៊ាង បានគូសបញ្ជាក់ថា រដ្ឋសភាគឺជាស្ថាប័នកំពូលមួយ ដែលមាន តួនាទីតាក់តែង និង​អនុម័តច្បាប់ភាពជាតំណាងពលរដ្ឋ ដែលត្រូវចុះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងត្រូវតាមដានការអនុ​វត្តច្បាប់ របស់ រាជរដ្ឋាភិបាលជាដើម។

ឯកឧត្តមប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានលើកឡើងថា ក្នុងនាមប្រធាន គណៈកម្មការមួយ ក្នុងចំណោមគណៈកម្មការទំាង ១០ របស់រដ្ឋសភា ឯកឧត្តមតែងតែលើកឡើងនូវសំណូមពរ និងជំរុញទៅខាងរាជរដ្ឋាភិបាល ដោះស្រាយបញ្ហា ឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់ ក្នុងនោះបញ្ហាដីធ្លីនេះ ជារឿងមួយ ដែលគណៈកម្មការតែងតែលើកឡើង។

ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា ការដោះស្រាយបញ្ហាទំនា​ស់​ដីធ្លី ទាមទារឲ្យមានការសហការគ្រប់ស្ថាប័នពាក់ព័ន្ធ និងមាន ការចុះស្រាវជ្រាវស្វែងរកប្រភពបញ្ហាដោយផ្ទាល់។ ឯកឧត្តម អេង ឆៃអ៊ាង បានសង្កត់ធ្ងន់ថា ដំណោះស្រាយមិនអាចដំណើរការ ដោយអំពើហិង្សា នោះឡើយ។

ឯកឧត្តម អេង ឆៃអ៊ាង បានទទួលយក ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល និងបានថ្លែងអំណរគុណដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបានចូលរួមចំណែកសហការ ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមក។ កង្វល់និងការលើកឡើងរបស់តំណាងអង្គការសង្គមស៊ីវិល នៅពេលនេះ ឯកឧត្តមប្រធានគណៈកម្មការបានអះអាងថានឹងប្រើប្រាស់យន្តការរដ្ឋសភា ដើម្បីសម្របសម្រួល ដោះស្រាយជូនប្រជាពលរដ្ឋ៕

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh