ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជា្ញធរតាមបណ្ដាខេត្តភាគខាងលិច យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ
ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជា្ញធរតាមបណ្ដាខេត្តភាគខាងលិច យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/17/2016 6:08:10 PM )

នៅក្នុងអំឡុងពេលពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញ​បេសកកម្មនៅតាមបណ្ដាខេត្តភាគខាងលិច នៃប្រទេស មាន ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីជួបប្រាស្រ័យស្វែងយល់ពីការងារមួយចំនួនជាមួយអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យ ទទួលខុសត្រូវ របស់គណៈកម្មការទី៤ ដោយផ្តោតលើ សុខទុក្ខរបស់ប្រជាពលរដ្ឋ កិច្ចការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខតាមព្រំដែន បញ្ហា ចំណាកស្រុក ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការអនុវត្តន៍កិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចជាការ​ផ្តល់សេវាសាធារណៈ និងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ហាផ្សេងៗទៀត ទាំងភាពរីកចម្រើន និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក។

នៅក្នុងជំនួបនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយអាជ្ញាធរខេត្តប៉ៃលិន មានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ស្នងការ តំបន់សឹករង កងរាជអាវុធហត្ថ និងមន្ទីរជុំវិញខេត្ត នៅក្នុងសាលាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ទ្បី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូ ពីភាពរីកចម្រើនក្នុងខេត្ត ដោយអាជ្ញាធរក៏ដូចជាមន្ទីរជំនាញគ្រប់ផ្នែក បានខិតខំ បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍក្នុងមូលដ្ឋាន។

ឯកឧត្តមក៏បានជម្រាបជូនពី ស្ថានការណ៍ទូទៅតាមព្រំដែន កម្ពុជា ថៃ ថាមានភាពល្អប្រសើរ ដោយរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ រក្សាសុខសន្តិភាព ស្ថិរភាពតាមព្រំដែន រួមគ្នាជាមួយភាគីថៃ ដោះស្រាយបញ្ហាដែលកើតមានឡើងដោយសន្តិវិធី។

ឯកឧត្ដមអភិបាលខេត្តប៉ៃលិន ក៏បានលើកឡើងពី ចំណុចអសកម្មមួយចំនួន ដោយមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ធ្វើចរាចរណ៍ទំនិញគេចពន្ធ គ្រឿងញៀន ឈើប្រណិត ដែលភាគីទាំងពីរទាំងកម្ពុជានិងថៃ នៅមិនទាន់ទប់ស្កាត់ និងបង្រ្កាបបាននៅទ្បើយ។

ឯកឧត្ដម កើត សុធា បានបញ្ជាក់ថា ទន្ទឹមនឹងការខិតខំដោះស្រាយនូវរាល់ចំណុច អសកម្មជាបណ្ដើរៗ ឯកឧត្ដម ក៏សូមស្នើ ដល់គណៈប្រតិភូ គណៈកម្មការទី៤នៃរដ្ឋសភា ជួយជំរុញឲ្យរាជរដ្ឋាភិបាល បង្កើតមជ្ឈមណ្ឌល បន្សាបគ្រឿងញៀនមួយ នៅក្នុងខេត្តប៉ៃលិន  ដើម្បីជួយដល់\យុវជន និងកូនចៅ ប្រជាពលរដ្ឋដែលលង់ខ្លួនប្រើប្រាស់គ្រឿងញៀន ទៅតាមការអូសទាញរបស់ជនខិលខូច ឲ្យផ្ដាច់ការសេពគ្រឿងញៀនវិញ។

បន្ទាប់មកនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង នៅក្នុងសាលប្រជុំនៃសាលាខេត្តបាត់ដំបង។

ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជម្រាបជូនពី ភាពរីកចម្រើនរបស់ខេត្ត និងអំពីសភាព​ការណ៍ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលត្រូវបានធានា ការពារជាប់ជាប្រចាំ និងដោយមានការចូលរួមអនុវត្តយ៉ាងសកម្មពីគ្រប់ផ្នែកពាក់ព័ន្ធ នៅគ្រប់មូលដ្ឋាន បង្កើតបាននូវបរិយាកាសល្អប្រសើរសម្រាប់ ដំណើរការអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ចំណែកការងារវិមជ្ឈការ និងសហវិមជ្ឈការ ខេត្តនៅតែបន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈ ការិយាល័យច្រកចេញចូលតែមួយនៅក្រុងបាត់ដំបង និងស្រុកបវេល។ ចំពោះសាលាខេត្តក៏បានរៀបចំឱ្យមានយន្តការច្រកចេញចូលតែមួយផងដែរ សម្រាប់ ជួយសម្រួលការផ្តល់សេវារដ្ឋបាលកាន់តែមានភាពងាយស្រួល ទាំងនៅតាមមន្ទីរ និងអង្គភាពជំនាញនានា ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ។

ឯកឧត្តមបានបន្ថែមថា លើការងារទំនាក់ទំនងតាមព្រំដែន ខេត្តបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ធានាបាននូវស្ថានភាព ល្អប្រសើរដល់ការ ប្រកបមុខរបររបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរមុខទំនិញឆ្លងកាត់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេស ជិតខាង។

ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់ថា សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោយច្បាប់ចូលជាធរមាន និងបន្ទាប់ពីមានការសម្របសម្រួល ពីប្រមុខរាជរដ្ឋាភិបាលលើផលប៉ះពាល់មួយចំនួន ដែលប្រជាពលរដ្ឋបានសំណូមពរ បានធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយនិងអបអរសាទរជាខ្លាំង។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភាបានថ្លែងការកោតសរសើរចំពោះ​​ អាជ្ញាធរ​ខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធដែលបានខិតខំ​ប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ។ ពិសេស ការជួយដោះស្រាយរាល់បញ្ហា ជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជា ប្រការចាំបាច់មិនអាចខ្វះបាន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ដែលស្របតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នឹងត្រូវ បន្តដំណើរទៅជួបអាជ្ញាធរ និងថ្នាក់ដឹកនាំមន្ទីរជំនាញនានា ពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ របស់គណៈកម្មការទី៤ នៅខេត្តបន្ទាយមានជ័យ ជាបន្តទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh