ថ្ងៃ សុក្រ ទី 24 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » យុវជននៃអង្គការសភាយុវជនខ្មែរធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា
យុវជននៃអង្គការសភាយុវជនខ្មែរធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/26/2016 10:20:01 PM )

នៅរសៀល ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ​សំណាល​ជាមួយ តំណាងយុវជននៃអង្គការ សភាយុវជនខ្មែរមានចំនួន ៧០រូប  ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី​តួនាទី​និង​ភារកិច្ចរ​បស់រដ្ឋសភា ។

ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការរដ្ឋសភាបានមានប្រសាសន៍ជម្រាបជូន អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដល់តំណាងយុវជននៃអង្គការសភាយុវជនខ្មែរទាំងអស់បានជ្រាប ដោយឯកឧត្ដមបញ្ជាក់ថា តួនាទីភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋាន រដ្ឋសភា មិនដូចគ្នានោះទេ។  តួនាទីភារកិច្ចរបស់រដ្ឋសភា សំខាន់មានបីគឺ ជាអ្នកតាក់តែងនិងឣនុមត័ច្បាប់  តាមដានការឣនុវត្តច្បាប់របស់ រាជរដ្ឋាភិបាល និងការចុះ ស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយក្រៅពីតួនាទីខាងលើ រដ្ឋសភាក៏មានការងារជាច្រើនទៀត ដែលត្រូវបំពេញ ដូចជាធ្វើ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​អន្តរជាតិ ជាទ្វេភាគី ពហុភាគីមានការ​បង្កើត​ជាក្រុមមិត្តភាព ជាមួយសភានៃប្រទេសនានា លើសកលលោក ហើយក៏មានការចូលជាសមាជិក​ អង្គការ​សភា​ផ្សេងៗ​​​ជាច្រើនទៀត។

រីឯតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ ឯកឧត្តម ឡេង ប៉េងឡុង បានឲ្យដឹងថាឣគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការ របស់រដ្ឋសភា មិនមែនជាស្ថាប័ននយោបាយទេតែមាននាទីបម្រើដល់ដំណើរការរបស់រដ្ឋសភា ដោយបម្រើសេវាជូនដល់តំណាងរាស្ត្រទាំងអស់ និងទទួលរ៉ាប់រង​នូវកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាង ព្រមទាំងការងារទំនាក់ទំនងផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនតំណាងយុវជនទាំងអស់បានយល់ដឹងពីដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភានិងបានបញ្ជាក់​បន្ថែមពី ​តួនាទីនិងភារកិច្ចរបស់តំណាងរាស្ត្រ និងភារកិច្ចរបស់គណៈកម្មការជំនាញ នៃរដ្ឋសភា ពិសេសគឺគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរណ៍នៃរដ្ឋសភាដែលមានឯកឧត្ដមផ្ទាល់ជាប្រធាន។ 

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការអប់រំយុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធ៌មនិងទេសចរណ៍ នៃរដ្ឋសភា ឬហៅថាគណៈកម្មការទី៧ គឺមានការងារ មួយចំនួនដែលកំពុងតែផ្ដោតការយកចិត្តទុកដាក់ ក៏ប៉ុន្ដែអ្វីដែលគណៈកម្មការ ផ្ដោតសំខាន់គឺវិស័យអប់រំ ពិសេសការធ្វើកំណែទម្រង់ វិស័យ អប់រំនេះតែម្ដង។

ឯកឧត្តមបានមានប្រសាសន៍ថាឯកឧត្ដមមានក្ដីរីករាយ ដោយបានជួបសំណេះ​សំណាលជាមួយ តំណាងក្រុមយុវជននៃអង្គការសភាយុវជនខ្មែរ នាពេលនេះ​ ដោយហេតុថា អ្នកទាំងអស់គ្នាជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងប្រទេសជាតិ ដែលទាមទារឲ្យមានការសិក្សាស្វែងយល់យ៉ាងច្រើន លើគ្រប់ផ្នែក ទាំងអស់។

ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ​ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ តំណាង​យុវជននៃអង្គការ សភាយុវជនខ្មែរ ទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងជួយ​​ពន្យល់មិត្តភក្តិ ក៏ដូចជាយុវជនផ្សេងៗទៀត ត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះ ដើម្បីចូលរួម​ចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសនាពេលខាងមុខ។

កញ្ញា តុប ចំណាប់ តំណាងឲ្យក្រុមយុវជន​ទាំងអស់បានថ្លែងថា អង្គការសភាយុវជនខ្មែរ ជាអង្គការដែលមានយុវជនជាសមាជិកមកពីគ្រប់មជ្ឈដ្ឋាន ពិសេសនៅតាមតំបន់ជនបទ  ហើយការមកទស្សនកិច្ចនៅរដ្ឋសភានេះ គឺចង់ឲ្យយុវជននៅតាមសហគមន៍ តំបន់ដាច់ស្រយាល បានយល់ដឹងពី ការងារ មួយចំនួនរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការងាររបស់តំណាងរាស្ត្រ ពិសេសគឺតួនាទីនិងភារកិច្ចរបស់រដ្ឋសភា។

ក្រុមយុវជនក៏បានសម្ដែងក្ដីរីករាយដែលមានឱកាសបានមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់អំពី​ រដ្ឋសភា​ នាពេលនេះ ហើយបានសន្យាថា នឹងចងចាំនូវប្រសាសន៍ណែនាំដ៏ល្អៗទាំង​នេះ ដើម្បីជាគតិ​ជួយជំរុញ​ទឹកចិត្តខ្លួនឯងផ្ទាល់​និង​មិត្តភក្តិ ក្នុងការខិតខំសិក្សារៀនសូត្រ ឲ្យក្លាយជា​ធន​ធាន​​មនុស្ស​ដ៏មានតម្លៃ និង​ជាទំពាំងស្នង​ឫស្សី​​ដ៏ល្អរបស់​ប្រទេស​ជាតិ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh