ថ្ងៃ ចន្ទ ទី 29 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » រដ្ឋសភាប្រទេស កម្ពុជា ឡាវ និង វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍតំបន់ត្រីកោណ
រដ្ឋសភាប្រទេស កម្ពុជា ឡាវ និង វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍតំបន់ត្រីកោណ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/2/2015 10:14:29 AM )

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២ របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ សន្តិសុខ នៃរដ្ឋសភា ប្រទេសកម្ពុជា ឡាវ វៀតណាម ​ស្តីពីការលើកស្ទួយតួនាទី ភារកិច្ចសភាក្នុងការពិនិត្យតាមដាន និងគាំទ្រ ដល់សកម្មភាពអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍(CLV)ដែលបាន​រៀបចំធ្វើនៅក្នុង​ ខេត្ត​ចំប៉ាសាក់ប្រទេសទ្បាវ  បានបិទបញ្ចប់ ​នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

ជាលទ្ធផល តំណាងរដ្ឋសភា  ទំាង​បីប្រទេសបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងបី ដើម្បីជំរុញការអភិវឌ្ឍតំបន់ត្រីកោណ ឲ្យសម្រចបានតាមផែនការ របស់រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលបានព្រមព្រៀងគ្នា។

នៅក្នុងពិធីប្រកាសបិទអង្គប្រជុំ គណៈប្រតិភូនៃគណៈកម្មការផែនការ ការពារជាតិ សន្តិសុខ នៃរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី២ ក្នុងន័យបន្តពង្រឹងពង្រីកទំនាក់ទំនង ដែលមានជាប្រពៃណី​ រវាងប្រទេសទាំងបី ព្រមទំាងបាន លើកទឹកចិត្តឲ្យ​មាន​កិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់កម្រិត រវាងប្រទេសទំាងបី ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរមូលដ្ឋាន​នៃ​ខេត្តជាប់ព្រំប្រទល់គ្នាក្នុងតំបន់CLV ដើម្បី​ លើកកម្ពស់ការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណអភិ​វឌ្ឍ​ន៍​កម្ពុជា ឡាវ និងវៀតណាម(CLV)​នេះ។

ឯកឧត្តម វិទ្បៃ ដួងម៉ានីប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខរដ្ឋសភា ទ្បាវ និងជាប្រធានដឹកនាំកិច្ចប្រជុំបានសម្តែងនូវការអបអរសាទរ​ ចំពោះ​លទ្ធផលដែលសម្រេចបាន  នៅក្នុងកិច្ចប្រជុំពេលនេះ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលនេះ បានបង្ហាញពីស្មារតី សាមគ្គី​មិត្តភាព ជាបងប្អូននៃប្រទេស​កម្ពុជា ឡាវ និងវៀតណាម ក៏ដូចជាប្រជាជាតិអាស៊ានទាំងមូល ។

សូមរម្លឹកថា គណៈប្រតិភូរដ្ឋសភាប្រទេសកម្ពុជាទៅចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ ។ គណៈប្រតិភូរដ្ឋសភាប្រទេសវៀតណាមដឹកនាំដោយ ឯក​ឧត្តម ង្វៀន គីមខ័រ ប្រធាន​គណៈកម្មាធិការការពារប្រទេស និង សន្តិសុខ។ ចំណែកគណៈប្រតិភូរដ្ឋសភាប្រទេសឡាវ ដែលជាម្ចាស់ផ្ទះ គឺដឹក​នាំ​ដោយ ឯកឧត្តម វិទ្បៃ ដួងម៉ានីប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខ។

មុនបិទកិច្ចប្រជុំ ដែលប្រធានគណៈប្រតិភូប្រទេសទំាងបី ត្រូវទាក់ដៃគ្នាបង្ហាញពីចំណងមិត្តភាពដ៏ស្អិតរមួត ឯកឧត្តម វិទ្បៃដួងម៉ានី បានថ្លែងអំណរគុណ ចំពោះ​ ឯកឧត្តម ហ៊ុន ណេង ឯកឧត្តម ង្វៀន គីមខ័រ ដែលបានដឹកនាំគណៈ​ប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២នេះ និងបានជជែកផ្លាស់ប្តូរ ទស្សនៈយោបល់ យ៉ាងផុសផុល ដើម្បីជា​ប្រយោ​ជន៍​​រួមនៃប្រជាជន និង​ប្រទេ​សទំាងបី ជាពិសេសប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តទំាងអស់ របស់ប្រទេស ទំាងបី ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។

សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើត តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម(CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺ ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ។ ប្រទេសឡាវមានចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការទទួលបន្ទុកវិស័យសន្តិសុខ ការពារជាតិ នៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាមនេះ នឹងប្រារព្ធធ្វើនៅឆ្នាំ២០១៦ ខាង​មុខ ដោយរដ្ឋសភាប្រទេសវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ៕     

            អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh