“មនុស្សចាស់គឺជារតនៈវត្ថុ យើងត្រូវយកចិត្តទុកដាក់ថែទាំ និងបង្កលក្ខណៈឱ្យមនុស្សចាស់បានចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម” លោកជំទាវ ឡោក ខេង បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីមនុស្សចាស់សកម្ម ក្រោមមូលបទ ICPD30: No one is leaving behind in the aging world។
លោកជំទាវ ឡោក ខេង បានចែករំលែកអំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅកម្ពុជា ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចំណាស់ ២០១៧-២០៣០ ដែលបានកំណត់អាទិភាពចំនួន៩ រួមមាន៖ ការធានាសន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបរបបនៃការរស់នៅ បរិស្ថានអំណោយផល សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ទំនាក់ទំនងអន្តរជំនាន់ ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់ ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេង។ រាជរដ្ឋាភិបាលបានបន្តការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់មនុស្សវ័យចំណាស់ ជាពិសេសអ្នកដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈការផ្តល់ជូននូវរបបសន្តិសុខសង្គម ទាំងលើសោធននិវត្តន៍ និងការថែទាំសុខភាព ហើយក៏បាននឹងកំពុងពង្រីកបន្ថែមសម្រាប់កម្មករ និយោជិតផងដែរ។
លើសពីនេះ កម្ពុជាមានយន្តការបន្ថែម រួមមាន សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជន ដែលជាយន្តការសាមគ្គីភាពរវាងមនុស្សចាស់ ក៏ដូចជាអតីតយុទ្ធជនក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក លើផ្នែកស្មារតី និងផ្លូវចិត្ត។ ការគាំទ្រលើយន្តការសមាគមខាងលើរួមមាន៖ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា និងសប្បុរសជនក្នុង និងក្រៅស្រុកនានាផងដែរ។
ក្នុងតួនាទីជាសមាជិកសភា ត្រូវពង្រីកយន្តការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីវិធានការបង្ការ និងការថែទាំជំងឺមិនឆ្លងក្នុងចំណោមមនុស្សវ័យចំណាស់ ដែលត្រូវធ្វើជាមួយមនុស្សចាស់ និងអ្នកមើលថែទាំ។ សមាជិកសភា រួមទាំងមន្រ្តីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ត្រូវគិតគូរលើការរៀបចំព្រឹត្តិការណ៍សាធារណៈនានាដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពសហគមន៍របស់ប្រជាជនវ័យចាស់ ដើម្បីចៀសវាងភាពឯកា និងបញ្ហាផ្លូវចិត្ត។ លើសពីនេះទៅទៀត សភាកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាពីការអនុវត្តល្អរបស់សភានៃប្រទេសនានាក្នុងតំបន់ ដើម្បីទទួលបានព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរបន្ថែមទៀត។