គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមណ្ឌលសុខភាព ជា សុីម កំពង់លាវនាថ្ងៃព្រឹកទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ កញ្ញា សូ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែក និងលោកប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យនេះមានកម្រិត CPA៣ ដែលបានកសាងឡើងនៅឆ្នាំ ១៩៤០ រហូតមកដល់សព្វថ្ងៃ ត្រូវបានធ្វើការជួសជុលឡើងវិញនូវអាគារចាស់ៗ និងបម្រើសេវាទទួលបាន ដែលមានមន្ត្រីបម្រើការងារសរុបចំនួន ១០៣នាក់ និងបុគ្គលិកពេទ្យជួល ចំនួន៥០នាក់បន្ថែមទៀត ក្នុងនោះមានដុកទ័រ ចំនួន២០នាក់ ដែលគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណចំនួន ១លាននាក់ជាង ។
កញ្ញាប្រធានមន្ទីរពេទ្យបង្អែក បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ជូនប្រជាពលរដ្ឋ និងពីរបៀបប្រើប្រាស់ប័ណ្ណទាំងអស់នោះឱ្យត្រឹមត្រូវច្បាស់លាស់ ។ នាពេលថ្មីៗនេះមន្ទីរពេទ្យបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភាគច្រើនមានដូចជា ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ជំងឺសួត ពន្យាកំនើត ការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង( ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូងជាដើម ) ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ បានមកព្យាបាលនៅទីនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មូលនិធិសមធម៌និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ។ សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារឱ្យត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺ ។ ចំពោះជំងឺមិនឆ្លងមាន ចំនួន១២ ៣១៤នាក់ ដែលភាគច្រើនកើតឡើងលើមនុស្សចាប់ពីអាយុ៣០ឆ្នាំ ឡើងទៅដោយសាររបបអាហារ និងកត្តារស់នៅ និងជំងឺផ្សេងៗជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសលើសុខភាពរបស់ខ្លួន ។ ដោយឡែក កាកសំណល់វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការដុតកម្ទេចចោលនៅក្នុងឡសម្រាប់ដុត ដែលមាននៅក្នុងមន្ទីរពេទ្យនេះ ។ កញ្ញាប្រធានមន្ទីរពេទ្យ បានធ្វើការណែនាំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចំពោះការថែទាំជំងឺ និងលេបថ្នាំតាមបទបញ្ជារពេទ្យឱ្យបានត្រឹមត្រូវដល់អ្នកជំងឺ ។
កញ្ញាប្រធានមន្ទីរពេទ្យ បានលើកបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ជាពិសេសលើផ្នែក បច្ចេកទេសបរិក្ខាពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត និងជួយសាងសង់ព្រមទាំងជួសជុលអគារបន្ថែម និងកន្លែងសម្រាកព្យាបាលជំងឺបន្ថែមទៀត ។
ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ផងដែរ ។
លោកជំទាវ បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕