រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជានិងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក
រដ្ឋសភាកម្ពុជានិងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/13/2024 12:44:14 AM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលមានតំាងពីយូរលុងមកហើយ ដែលមិនត្រឹម​តែផ្តល់នូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គមដល់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចរដ្ឋសភាធិបតី និង ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សារងារនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងបានសង្កត់ធ្ងន់ថា សុខសន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺបានមកដោយលំបាក បានមកពីការធ្វើពលិកម្មដោយយកជីវិតទៅប្តូររបស់ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត។ បច្ចុប្បន្នកម្ពុជាបានក្លាយជាគោលដៅ នៃការសិក្សារៀនសូត្ររបស់ប្រទេសជាមិត្ត ពីការស្វែងរកសន្តិភាព តម្លៃសន្តិភាព និងការថែរក្សាសុខសន្តិភាព នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ មានការប្រទាញប្រទុងគ្នាលើភូមិសាស្រ្តនយោបាយហើយសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់នោះ។

ឯកឧត្តម ធីប័រ បាឡូកឌី ដែលធ្លាប់បានធ្វើដំណើរមកកម្ពុជាកាលពី២៥ឆ្នាំមុន បានសម្តែងនូវការកោតសរសើរ និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជាដែលទទួលបានការអភិវឌ្ឍលើគ្រប់វិស័យនិងឆាប់រហ័ស។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា កម្ពុជា និងហុងគ្រី មានទស្សនវិស័យដូចគ្នា គឺការបង្កើនកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសនៅក្នុងសកលលោក។

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងហុងគ្រី ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ឯកឧត្តម Kövér László ប្រធានរដ្ឋសភាហុងគ្រី បានគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្នុងពេលវេលាសមស្របណាមួយ។ នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រគល់លិខិតអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនសម្តេចរដ្ឋសភាធិបតី ដោយផ្ទាល់ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានទទួលយកសំណើនេះ និងបានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ធ្វើដំណើរមកកាន់វិមានរដ្ឋសភានាឱកាសនេះ ទោះបីមាននិវេសនដ្ឋាននៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមយ៉ាងណាក្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ក្នុងរយៈពេលជិត៧ ទសវត្សរ៍មកនេះ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងហុងគ្រី ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត បានរីកចម្រើន និងលូតលាស់ ជាលំដាប់ ឈរលើស្មារតីស្មោះត្រង់ មិត្តភាព និងយោគយល់គ្នា។ ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩។ ហុងគ្រី បានជួយកម្ពុជាលើគ្រប់វិស័យ ទំាងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម ហើយថ្មីៗនេះ ក្នុងពេលជំងឺកូវីដ១៩រាតត្បាតមិត្តហុងគ្រី បានផ្តល់ជំនួយវ៉ាក់សំាងដល់កម្ពុជា ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងពីវិស័យអប់រំ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ហុងគ្រី បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់កម្ពុជា។ អតីតនិស្សិតខ្មែរដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាធនធានដ៏សំខាន់បានចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍កម្ពុជាយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ជាអតីតនិស្សិតធ្លាប់បានចេញទៅសិក្សានៅប្រទេសហុងគ្រី កាលពីឆ្នាំ១៩៨២ លើជំនាញសារព័ត៌មាន ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីការចូលរូមគំាទ្ររបស់មិត្តហុងគ្រី នោះឡើយ។ បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ឌីជីថលនីយកម្ម នវានុវត្តន៍ ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប្រទេសហុងគ្រី ជួយចែករំលែកពីបទពិសោធន៍ ក្នុងការដឹកនាំគ្រប់គ្រង អាជីវកម្មធុនតូច និងមធ្យម(SMEs) ដែលជាសក្តានុពលពិសេសមួយរបស់ប្រទេសហុងគ្រីដល់កម្ពុជា ផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន