រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសង្ឃឹមថា ស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជាឡាវ និងទំហំពាណិជ្ជកម្មប្រទេសទំាងពីរ កាន់តែរីកចម្រើន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសង្ឃឹមថា ស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជាឡាវ និងទំហំពាណិជ្ជកម្មប្រទេសទំាងពីរ កាន់តែរីកចម្រើន
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/20/2023 9:10:16 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូន នៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។ ដូច្នេះ នៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដ១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្ត​ និងបងប្អូននឹងគ្នានៅគ្រប់កាលៈទេសៈ ទំាងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍន៍ប្រទេសដូចគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាពជាអមតៈហើយនេះ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេចបានសម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នា មានឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាពប្រជាជន និងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយដោយឃើញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល បាននាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើន។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរ បានកើនដល់ ២១០លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រោមចំណងមិត្តភាពភាពជាដៃគូយុទ្ធសាស្រ្តយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន៣៥ កំពុងវិនិយោគនៅប្រទេសឡាវ។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានសម្តែងការអបអរសាទរចំពោះ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដាកន្លងមក។ ឯកឧត្តម មានសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងប្រជាជន និងប្រជាជន កាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមបានអបសារទរចំពោះការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមុះមុត និងស្វាហាប់ ក្នុងការនាំកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម នឹងខិតខំធ្វើជាស្ពានក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីបងប្អូននេះ ឱ្យទទួលបានជោគ​ជ័យ​ថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋ បក្ស និងប្រជាជនឡាវ បានត្រៀមជាស្រេចការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលនឹងបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលCLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូខាងមុខនេះ។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវ នាពេលនេះ មានសារៈ​សំខាន់ណាស់នៅក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់ស្ថាប័នប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន