សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ​__ លទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩តុលាខាងមុខ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និសិ្សតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
និសិ្សតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (9/14/2023 11:21:00 PM )
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរៈអគ្គនាយកទំនាក់ទំនងឣន្តរជាតិ ពិធីការនិងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលោក KEVIN NAUEN សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី "តួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា" ជូនដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចំនួន ៤០នាក់ ដែលកម្មវិធីនេះ រៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (ល.ស.ប) នៅវិមានរដ្ឋសភា។

ឯកឧត្តម ព្រហ្ម វិរៈ បានមានប្រសាសន៍ជម្រាបជូនក្រុមនិស្សិតបានជ្រាបអំពីតួនាទីភារកិច្ចរបស់ឣគ្គលេខាធិការរដ្ឋាន ដែលជាសេនាធិការរបស់រដ្ឋសភា ជាអ្នកផ្តល់សេវាបច្ចេកទេស សម្ភារៈ និងធនធានមនុស្សដល់សមាជិករដ្ឋសភា នៅក្នុងការបំពេញការងារ ពោលគឺអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធានាដល់ដំណើរការជាអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងការផ្តល់លទ្ធភាពជូនសមាជិក សមាជិការដ្ឋសភា បំពេញភារកិច្ចជូនប្រទេសជាតិ ទៅតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។

ឯកឧត្តម ទី សុគន្ធ បានមានប្រសាសន៍ថា តំណាងរាស្ត្រទាំងឣស់មានតួនាទីភារកិច្ចការងារសំខាន់ៗបីគឺ៖ ការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តទៀតថា ក្រៅពីការងារស្នូលទាំងបីខាងលើ រដ្ឋសភាក៏ជាស្ថាប័នមួយ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈការងារការទូតសភា ទាំងទ្វេភាគី និងពហុភាគី ដែលមានគណៈកម្មការទី៥ នៃរដ្ឋសភា ជាអ្នកទទួលបន្ទុកអនុវត្តការងារនេះផ្ទាល់។ លើសពីនោះទៀត រដ្ឋសភាក៏មានការធ្វើទស្សនៈកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាមួបណ្ដាប្រទេសជាមិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ ក្រុមមិត្តភាព និងមន្ត្រីនៃឣគ្គលេខាធិការរដ្ឋានរដ្ឋសភាផងដែរ។

ឯកឧត្តម សន សារ៉ាណា បានមានប្រសាសន៍ជម្រាបដល់និស្សិតអំពីដំណើរការនៃការប្រជុំពេញអង្គរបស់រដ្ឋសភា ដែលមានចំនួនពីរដងក្នុងមួយឆ្នាំ ដែលសម័យប្រជុំនីមួយៗ មានរយៈពេលយ៉ាងតិច៣ខែ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ផ្សេងៗ។ សមាជិករដ្ឋសភាទាំងឣស់ត្រូវតែបំពេញតួនាទី ភារកិច្ច ដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងគោលការណ៍ច្បាប់។

គណៈអធិបតីក៏បានធ្វើការបកស្រាយនៅរាល់ចម្ងល់ជាច្រើន ដែលនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានសាកសួរទាក់ទងនឹងរដ្ឋសភា ពិសេសពាក់ព័ន្ធនឹងការបង្កើតច្បាប់ ការឣនុម័តច្បាប់ជាដើម។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញរួចមក និស្សិតទាំងអស់ក៏ទទួលបានការអនុញ្ញាត ឱ្យចូលទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា បណ្ណាល័យ សាលពិព័រណ៍ និងកន្លែងសំខាន់ៗមួយចំនួនទៀត ក្នុងវិមានរដ្ឋសភា និងថតរូបជាឣនុស្សាវរីយ៍ផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន