ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុ- ប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបបចំបុណ្យសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្ត កណ្តាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា ដើម្បីពិភាក្សាចាត់ចែង រៀបចំពិធីបុណ្យសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា ឱ្យបានស័ក្តិសម ទៅនឹងកិត្តិយសរបស់ឯកឧត្តមសន្តិបណ្ឌិត ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២ នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់ឯកឧត្តមសន្តិបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានគោលបំណង ដើម្បីត្រៀមលក្ខណៈរៀបចំបុណ្យសពឱ្យបាន សមរម្យទៅតាមប្រពៃណីទំនៀមទម្លាប់ និងកិត្តិយសរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន មានវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ធំធេង ក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និង ការអភិវឌ្ឍជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមបានទៅសោយសុខក្នុង សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន