រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក
គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/2/2021 7:01:38 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-​ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដែលភ្ជាប់ពី វិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីបានស្តាប់គោលនយោបាយ និងវិធានការនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិករួចមក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំពីគោលដៅសម្រាប់ការគ្របដណ្តប់សុខភាពជា សកលរបស់កម្ពុជាដែលមានដូចជា៖

១-សេវាសុខាភិបាលពង្រាយដល់ប្រជាជនដែលរស់នៅគ្រប់ទីកន្លែង

២-សេវាធានាបាននូវតម្លៃសមរម្យ តាមជីវភាព រួមនឹងមូលនិធិសមធម៌ លើកលែងការបង់ថ្លៃ និងបេឡាជាតិរបបសន្តិសុខសង្គម

៣-សេវាប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

លោកជំទាវប្រធានបានបន្តថា សម្រាប់កម្ពុជា ជំងឺរាតត្បាតបានបង្ហាញពីសមត្ថភាពដឹកនាំ មិនត្រឹមតែក្នុងការដោះស្រាយគ្រាអាសន្ន សុខាភិបាលប៉ុណ្ណោះទេ ថែមទាំងក្នុងការអនុវត្តវេទិកាសម្រាប់វិបត្តិជំងឺរាតត្បាតនាពេលអនាគត និងការពង្រឹងប្រព័ន្ធថែទាំសុខភាពផង ដែរ។ រាជរដ្ឋាភិបាលបានកែប្រែសណ្ឋាគារមួយ និងរៀបចំមន្ទីរពេទ្យមួយ ទៅជាមណ្ឌលព្យាបាលជំងឺករណីធ្ងន់ធ្ងរ និងមណ្ឌលព្យាបាល រោគសញ្ញាស្រាលជាច្រើនទៀត ដែលឆ្លើយតបបានឆាប់រហ័ស និងគ្រប់គ្រាន់ចំពោះការកើនឡើងនៃចំនួនអ្នកជំងឺអំឡុងពេលមានការរីក- រាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលថ្មីៗនេះ។ រាជរដ្ឋាភិបាល ក៏បានខិតខំបង្កើតខែលការពារសហគមន៍ផងដែរ ដោយទទួល បានជោគជ័យក្នុងការគ្របដណ្តប់ចំនួនប្រជាជនរបស់ខ្លួនជាមួយនឹងវ៉ាក់សាំងក្នុងល្បឿនមិនគួរឱ្យជឿ ដែលបច្ចុប្បន្ន ប្រជាជនប្រមាណ ជា៨៨,៤១ % នៃប្រជាជនសរុប ១៦លាននាក់ យ៉ាងហោចណាស់បានទទួលវ៉ាក់សាំងCOVID-19ដូសទី១។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំ នឹងនាំទៅរកភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតជាជាងការរើសអើង។ កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងនាមជាសមាជិកប្រកបដោយភាពទទួលខុសត្រូវ នៃសហគមន៍អន្តរជាតិ ដោយកំណត់ការព្យាបាលជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជាដែលបានឆ្លងជំងឺកូវីដ-១៩ដោយមិនគិតថ្លៃ។ លើសពីនេះ យើងក៏បានពង្រីកកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ជនបរទេស ដោយផ្អែលើការស្ម័គ្រចិត្តផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានផ្តល់ ជំនួយឧបត្ថម្ភ ជាម៉ាស និងវ៉ាក់សាំងដល់បណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ដូចជា នេប៉ាល់ ឥណ្ឌូនេស៊ី ទីម័រខាងកើត ឡាវ និង មីយ៉ាន់ម៉ាជាដើម។

លោកជំទាវ ឡោក ខេង បានបន្ថែមថា ដើម្បីពង្រឹងវិស័យសុខាភិបាល សម្រាប់ឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា យើងត្រូវខិតខំប្រឹងប្រែង គាំទ្រវិភាជន៍ថវិកា និងការបំពាក់សំភារៈបរិក្ខាដល់មូលដ្ឋានសុខាភិបាល ដែលនៅជិតប្រជាពលរដ្ឋ រួមមាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។ ក្នុងពេលបច្ចុប្បន្ន កម្ពុជាកំពុងព្យាយាមដើម្បីឆ្លងផុតជំងឺឆ្លងរាតត្បាតកូវីដ១៩នេះ ដោយ ខិតខំព្យាយាមបន្ស៊ាំខ្លួនដើម្បីរៀនរស់នៅជាមួយប្រក្រតីភាពថ្មី ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។

លោកជំទាវ ក៏បានលើកឡើងពីការមកដល់នៃប្រភេទវីរុសបំលែងថ្មី Omicron ដែលបានក្រើនរំលឹកយើងសារជាថ្មីពីហានិភ័យទៅពេល ខាងមុខ។ ប្រព័ន្ធសុខាភិបាល ក៏ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរសម្រាប់ពេលអនាគត ដែលរួមបញ្ចូលនូវការវិនិយោគលើការគ្របដណ្តប់ សុខភាពបឋមផងដែរ។

ក្នុងនាមសភាកម្ពុជា លោកជំទាវ ឡោក ខេង បានធ្វើការអំពាវនាវដល់ប្រទេសទទួលពលករ និងអង្គការអន្តរជាតិខាងទេសន្តប្រវេសន៍ ចូលរួមពិចារណា និងពិនិត្យលទ្ធភាពក្នុងការផ្តល់វ៉ាក់សាំងជូនដល់ពលករចំណាកស្រុក ដើម្បីពួកគេអាចធ្វើសមាហរណកម្មក្នុងជីវភាព គន្លងថ្មី និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ជាមួយគ្នានេះ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ក៏បានធ្វើការជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងការិយាល័យអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ក៏ដូចជាការិយាល័យតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត តាកាស៊ី កាសៃ ដែលក៏ជាអគ្គលេខាធិការរបស់APPFGHផងដែរ ដើម្បីតស៊ូមតិសម្រាប់ការគ្របដណ្តប់សុខភាពអប្បបរមាសកលតាមគោលដៅអាទិភាព ដូចជាការបង្ការជំងឺមិនឆ្លង (NCD) ដែលជាមូលហេតុនៃការស្លាប់របស់ប្រជាជនដល់ទៅជាង៦០% រៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងអំឡុង ពេលនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន