រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”
សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/16/2021 6:57:45 AM )

សមាជិកប្រតិភូសភានៃទ្វីបអាស៊ី និងអឺរ៉ុប ចំនួនជាង៣០ប្រទេស នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាគ្នា ដោយបានបែងចែកជាក្រុមពិភាក្សាចំនួន៣ក្រុម ពិភាក្សាគ្នាលើប្រធានបទចំនួន៣ផ្សេងៗគ្នា។ សម្រាប់ក្រុមពិភាក្សាទី៣ គឺបានលើកយក ប្រធានបទស្ដីពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ” មកធ្វើ ការពិភាក្សាគ្នា នៅក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងក្រុមពិភាក្សាទី៣នេះ ដឹកនាំកិច្ចប្រជុំដោយសហប្រធានចំនួនបីរូបគឺ ឯកឧត្ដម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និង លោកជំទាវ មូនីកា បាតូស សមាជិកគណៈកម្មការ កិច្ចការបរទេស នៃរដ្ឋសភាហុងគ្រី និង ឯកឧត្ដម អ៊ីសារ៉ា សេរីវ៉ាតថាណាវុត សមាជិកគណៈកម្មការអង្កេត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាថៃលោកជំទាវ ឡោក ខេង ជាប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ក្រុមពិភាក្សាទី៣ និង ឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាកម្ពុជា ជាអ្នកធ្វើរបាយការណ៍ និង លោកបណ្ឌិត អ៊ីន រ៉ូហ្សែល មន្ត្រីគោលនយោបាយជាន់ខ្ពស់ នៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ជាមួយសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ឯកឧត្ដមបណ្ឌិត លី ធីម ប្រធានគម្រោងអាងទន្លេ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជាវាគ្មិនជំនាញ។

ឯកឧត្ដម សួស យ៉ារ៉ា សហប្រធានកិច្ចប្រជុំក្រុមពិភាក្សាទី៣ បានមានប្រសាសន៍ថា នេះជាវេទិកាដែលសមាជិកសភាអាស៊ី និងអឺរ៉ុប អាចធ្វើការចែករំលែកនូវទស្សនៈ មតិ យោបល់ទៅលើប្រធានបទរបស់ក្រុមពិភាក្សាទីបីនេះ។  ក្នុងឱកាសនេះដែរ សហប្រធានពីរូបផ្សេង ទៀតគឺ លោកជំទាវ មូនីកា បាតូស និង ឯកឧត្ដម អ៊ីសារ៉ា សេរីវ៉ាតថាណាវុត ក៏បានថ្លែងការចាប់អារម្មណ៍សម្រាប់ការបើកកិច្ចពិភាក្សា ចំពោះក្រុមពិភាក្សាទី៣នេះដែរ ជាមួយក្ដីសង្ឃឹមថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំរបស់យើងនាពេលនេះ គឺនឹងផ្ដល់អត្ថប្រយោជន៍ សម្រាប់សង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបណ្ឌិត អ៊ីន រ៉ូហ្សែល និង ឯកឧត្ដមបណ្ឌិត លី ធីម ជាវាគ្មិនជំនាញ បានធ្វើបទបង្ហាញជូនកិច្ចប្រជុំអំពីសន្តិសុខស្បៀង អន្តរកម្ម នៃសន្តិសុខទឹក និងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសំខាន់ និងមានផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់មនុស្ស។ វាគ្មិនជំនាញ ទាំងពីររូប ក៏បានផ្ដល់អនុសាសន៍ល្អៗដល់កិច្ចប្រជុំយកទៅពិចារណា ពិសេសក្នុងតួនាទីសភា ដែលជាអ្នកធ្វើនូវគោលនយោបាយផង ដែរ។

លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូសភាកម្ពុជាសម្រាប់ក្រុមពិភាក្សាទី៣ បានធ្វើបទអន្តរាគមន៍លើប្រធានបទទី៣នេះថា មនុស្សជាតិទាំងអស់លើភពផែនដី កំពុងប្រឈមបញ្ហារួមជាសកល គឺការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិកាន់តែ ញឹកញាប់ ដែលបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងអូសបន្លាយធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចទាំងមុន និង ក្រោយបរិបទជំងឺកូវីដ-១៩។ អន្តរកម្មទឹក ថាមពល និងស្បៀង បានក្រើនរំលឹកយើងទាំងអស់គ្នា ត្រូវពិនិត្យឡើងវិញ ប្រកបដោយ ចក្ខុវិស័យ និងការទទួលខុសត្រូវខ្ពស់ចំពោះមនុស្សជាតិ ទៅលើបណ្ដាអាទិភាព នៃការប្រកួតប្រជែងគ្នា លើការប្រើប្រាស់ធនធានទឹក សម្រាប់ផលិតស្បៀង និងការផ្គត់ផ្គង់ថាមពល ដែលបណ្ដាលមកពីកំណើនប្រជាជន និងតម្រូវការក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកជំទាវបន្ថែមថា ក្នុងកាលៈទេសៈនេះ ប្រជាជាតិទាំងអស់ត្រូវការចាំបាច់ និងបន្ទាន់ឱ្យអ្នកធ្វើសេចក្ដីសម្រេចចិត្ត ត្រូវពិចារណាលើ អន្តរសកម្ម សុខដុមនីយកម្ម និងការដោះដូរទៅវិញទៅមករវាងទឹក ថាមពល និងស្បៀង ដើម្បីឆ្លើយតបឱ្យបានទៅនឹងការប្រែប្រួល អាកាសធាតុ បង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ទឹកដើម្បីគាំទ្រការស្ដារបៃតងឡើងវិញ ដោយប្រើប្រាស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីរក្សាលំនឹងរវាងតម្រូវការដ៏ស្រួចស្រាវ និងការប្រើប្រាស់ធនធាន។

លោកជំទាវក៏បានជម្រាបជូនកិច្ចប្រជុំអំពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែកាអនុវត្តផ្សេងៗគ្នាទៅ តាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន” ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀតស្ថិតក្រោមកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។

នៅក្នុងកិច្ចប្រជុំក្រុមពិភាក្សាទី៣នេះ សមាជិកសភានៃទ្វីបអាស៊ី និងអឺរ៉ុប ដែលបានចូលរួមកិច្ចប្រជុំ បានលើកឡើងពីបញ្ហាទាំងឡាយ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដែលប្រទេសខ្លួនបានជួបប្រទះ និងបានធ្វើការអំពាវនាវឱ្យមានវិធានការប្រកបដោយប្រសិទ្ធភាព លើការ ប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការ នៃការកើនឡើងការប្រើប្រាស់ស្បៀងអាហារ និង ថាមពល ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និទ្ធថែមទៀត ទាក់ទងទៅនឹងសន្តិសុខទឹក ស្បៀងអាហារ និងថាមពលរវាង តំបន់ទាំងពីរ អាស៊ី និងអឺរ៉ុប។ សមាជិកកិច្ចប្រជុំក៏បានលើកឡើងដែរថា ការដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ក៏ដូច ជាការធ្វើឱ្យមានតុល្យភាពរវាងទឹក ថាមពល និងស្បៀង គឺជាកិច្ចការដ៏លំបាកមួយដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតី ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន