ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារលើប្រធានបទ សម្រាប់ក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំ ASEP11
លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារលើប្រធានបទ សម្រាប់ក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំ ASEP11
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2021 2:36:53 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារខ្លឹមសារ ក្នុងក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំភាពជាដៃគូសភាអាសុី-អឺរ៉ុប លេីកទី១១ (ASEP11) ដើម្បីពិនិត្យ និងជួយកែសម្រួលលើខ្លឹមសារ នៃប្រធានបទ "ការឆ្លើយតបទៅ នឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀងក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ" សម្រាប់ ត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី អឺរ៉ុប លើកទី១១ ASEP11 ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ លើកឡើងពីខ្លឹមសារសេចក្តីព្រាងបទអន្តរាគមន៍ សម្រាប់ប្រធានបទទី៣ និងស្នើឲ្យអង្គប្រជុំទាំងមូល ចូលរួមពិនិត្យពិភាក្សា កែសម្រួល ដើម្បីឲ្យខ្លឹមសារទាំងមូលកាន់តែមានលក្ខណ:ល្អប្រសើរឡើង។

សមាជិកក្រុមការងារខ្លឹមសារក្នុងក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ASEP11 បានបញ្ចេញមតិយោបល់ និងលើកយកចំណុចល្អៗជាច្រើន ស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋភិបាល ដើម្បីដាក់ចូលក្នុងសេចក្តីព្រាងបទអន្តរា- គមន៍។

លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ ជាសមាជិកនៃសភាទាំងពីរ និងក្រុមការងារទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ដោយលោកជំទាវសង្ឃឹមថា ខ្លឹមសារ នៃប្រធានបទទាំងអស់នេះ នឹង ទទួលបានជោគជ័យលើឆាកអន្តរជាតិ និងលើកកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន