ដោយបានមើលឃើញពីការកើនឡើង នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានប្រគល់ភារកិច្ចឲ្យ ឯកឧត្តម សំ រិទ្ធី អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ស្ពឺ នាំយកជំនួយឧបត្ថម្ភរបស់ឯកឧត្តម ទៅប្រគល់ជូនរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានគ្រែអ្នកជំងឺ ចំនួន៤០- គ្រឿង ថវិកា២ម៉ឺនដុល្លារ សម្រាប់ទិញអុកស៊ីសែន ២០០ធុង និងឧបករណ៍ធ្វើតេស្តិ៍រហ័ស ចំនួន ២,២៥០ឈុត សម្រាប់បំពាក់ក្នុងមណ្ឌល ព្យាបាលអ្នកជំងឺពន្លឺថ្មី ក៏ដូចជាសម្រាប់ប្រើប្រាស់ទៅតាមការចាំបាច់របស់ខេត្ត ដែលជាការចូលរួមចំណែកបំពេញនូវតំរូវការប្រើប្រាស់ របស់ខេត្ត ក៏ដូចជាការអនុវត្តតាមយុទ្ធសាស្រ្ត៦ចំណុច ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក- រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម សំ រិទ្ធី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណពី ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះអាជ្ញាធរមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមការងារទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេស ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលដ៏លំបាក នេះ ពិសេសកំពុងតស៊ូយ៉ាងស្វិតស្វាញ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ទាំងការ ព្យាបាលអ្នកជំងឺ និងការទប់ស្កាត់ការឆ្លងថ្មីនៅតាមគ្រប់មុខសញ្ញាទាំងអស់ក្នុងខេត្ត។
ឯកឧត្តមក៏បានអំពាវនាវ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពីការឆ្លងជាយថាហេតុណាមួយ ជាពិសេសប្រភេទវីរុសកូវីដបំលែងខ្លួនថ្មី"ដែលតា" ដែលបាន និងកំពុងមានវត្តមាននៅខេត្តកំពង់ស្ពឺនេះផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែបានយកចិត្តទុកដាក់ និងបន្តការជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩របស់រដ្ឋបាលខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ ដែលមានទាំងស្បៀងអាហារ ម៉ាស អាល់កុល ជែលលាងដៃ សម្ភារៈ បរិក្ខារពេទ្យ ជួយឧបត្ថម្ភដល់ការរៀបចំមណ្ឌលព្យាបាល និងនៅពេលនេះ បានឧបត្ថម្ភគ្រែអ្នកជំងឺ អុកស៊ីសែន និងឧបករណ៍តេស្តិ៍រហ័ស ដែលសុទ្ធសឹងជាសម្ភារៈចាំបាច់ សម្រាប់បម្រើដល់បេសកកម្មរបស់ ក្រុមគ្រូពេទ្យជួរមុខរបស់ យើង៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន