សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យដំណើរការ សាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អងន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។
អគារសិក្សានេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុក ពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះ បានប្រារព្ធពិធីបញ្ចុះ បឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នបានដំណើរសងសង់តាមគម្រោង ដែលនឹងបញ្ចប់ នៅក្នុងរយៈពេល១៥ខែ។
នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទំាងអស់ ដែល បានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាព នៅក្នុងការបង្រៀនសិស្សពីចម្ងាយ និងតាមអនឡាញ ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំ ដល់សិស្សានុសិស្សឲ្យបាននៅគ្រប់កាលៈទេសៈ។ សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណា ជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឲ្យបានច្រើន បំផុត ក្នុងពេលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនេះ។
សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់សិស្សានុសិស្ស និងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំ នៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។
សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺ កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ”៣ការពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនបំផុត៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន